នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ ថ្នាក់ដឹកនាំ និងសមាជិកសមាគមខេត្តក្រុមប្រឹក្សាមូលដ្ឋានក្នុងខេត្តពោធិ៍សាត់ បន្ទាយមានជ័យ កំពង់ធំ កំពង់ស្ពឺ កណ្តាល និងកែបជាង ១០០ នាក់ បានចូលរួមវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណិតរយៈពេលមួយថ្ងៃពេញ លើជំនាញសម្របសម្រួល។ ពេលបញ្ចប់វគ្គហើយនោះ អ្នកចូលរួមអាចកំណត់ និងពន្យល់ពីភាពខុសគ្នារវាងការបង្រៀន និងការសម្របសម្រួលជាលក្ខណៈជំនាញ និងអាកប្បកិរិយារបស់អ្នកសម្របសម្រួលល្អ និងវិធីសាស្រ្ត ឬឧបករណ៍ ដែលត្រូវយកមកអនុវត្តក្នុងការសម្របសម្រួលល្អ។ ពួកគេក៏អាចទទួលស្គាល់នូវចំណុចមួយចំនួន ដែលអ្នកសម្របសម្រួលល្អគួរតែជៀសវាង ដូចជាការវិនិច្ឆ័យមតិគំនិត ដែលលើកឡើងដោយទស្សនិកជន ឬនិយាយច្រើនពេកអំពីខ្លួនឯងជាដើម។ ជាងនេះទៅទៀត ពួកគេបានរៀនសូត្រពីរបៀបលើកសំណួរ ស្តាប់ សង្ខេប និងផ្តល់មតិស្ថាបនាបានយ៉ាងមានតុល្យភាព។ នៅទីបំផុត អ្នកចូលរួមអាចកំណត់ពីបញ្ហាប្រឈមក្នុងការសម្របសម្រួល និងអនុវត្តការដោះស្រាយជាមួយទស្សនិកជន ដែលមានភាពខ្មាស់អៀន ស្ងៀមស្ងាត់ ឬក៏លេចធ្លោជាងគេ ហើយពួកគេក៏បានរៀនពីរបៀបក្នុងការក្លាយខ្លួនជាអ្នកសម្របសម្រួលល្អ និងគន្លឹះដែលមានគោលបំណងក្នុងការផ្តល់អំណាចដល់ទស្សនិកជនឱ្យចូលរួមក្នុងការពិភាក្សា កិច្ចប្រជុំ និងសកម្មភាពក្នុងការបណ្តុះបណ្តាលបានយ៉ាងសកម្មទៀតផង។
ថ្វីត្បិតតែ វគ្គសិក្សាសម្រេចបានតាមគោលបំណងក៏ដោយចុះ យើងនៅតែជួបប្រទះបញ្ហាប្រឈមមួយចំនួនដូចជា អ្នកចូលរួមមួយចំនួនមានអ៊ីនធឺណិតគ្មានស្ថិរភាព ឬអ្នកចូលរួមខ្លះមិនសូវសកម្មក្នុងការងារថ្នាក់អនឡាញ។ ទោះបីជាយ៉ាងណាក៏ដោយ សរុបទៅវគ្គសិក្សានេះសម្រេចបានដូចលទ្ធផលរំពឹងទុក ដោយស្ទើរតែ ៩០opercento នៃអ្នកចូលរួមបានធ្វើតេស្តជាប់ក្រោយពេលរៀន នៅពេលដែលអ្នកចូលរួមមានតែ ៣៦opercento ប៉ុណ្ណោះដែលជាប់ការធ្វើតេស្តមុនពេលបានរៀន។
សកម្មភាពនេះគឺជាផ្នែកមួយ នៃវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ផ្តល់ជូននៅក្នុងក្របខណ្ឌនៃគម្រោងរបស់យើង ដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ផ្តោតលើការកសាងសមត្ថភាពដល់មន្រ្តីមូលដ្ឋាន។ ប្រធានបទមុនៗ ដែលយើងបានលើកឡើងមកពិភាក្សារួមមាន ការគ្រប់គ្រងគម្រោង ការសរសេររបាយការណ៍ ព្រមទាំងការត្រួតពិនិត្យ និងវាយតម្លៃ។ អ្នកចូលរួមនៅតែត្រូវស្វែងយល់ពីបញ្ហាផ្សេងទៀតដូចជា ភាពជាអ្នកដឹកនាំ និងជំនាញតស៊ូមតិជាដើម។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្ថាប័ន និងប្រតិបត្តិការរបស់សមាគមក្រុមប្រឹក្សាក្នុងមូលដ្ឋានខេត្ត ហើយវាត្រូវបានអនុវត្តដោយ API រួមជាមួយសមាគមក្រុមប្រឹក្សាមូលដ្ឋាននៅខេត្តពោធិ៍សាត់ និងអង្គការ Aide et Action (AEA)។