សិទ្ធិទទួលបានព័ត៌មាន គឺជាសិទ្ធិជាមូលដ្ឋានរបស់មនុស្សគ្រប់រូប រួមមានប្រជាពលរដ្ឋ មន្ត្រីរដ្ឋាភិបាល អ្នកផ្តល់សេវាសាធារណៈ តំណាងវិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល។ វាពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ តម្លាភាព គណនេយ្យភាព និងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ និយាយម្យ៉ាងទៀត វាជួយបង្កើនចំណេះដឹងរបស់មនុស្ស និងលើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាព។ នៅក្នុងវគ្គសិក្សានេះ អ្នកតំណាងអង្គការសង្គមស៊ីវិល នឹងទទួលបានការយល់ដឹងកាន់តែច្បាស់ អំពីសិទ្ធិក្នុងការទទួលបានព័ត៌មានសាធារណៈ និងគោលការណ៍ ដែលវាពឹងផ្អែកលើ។ គ្រូបណ្តុះបណ្តាលរបស់យើង នឹងបង្ហាញអំពីច្បាប់ គោលនយោបាយ និងបទបញ្ញត្តិសំខាន់ៗ របស់ប្រទេសកម្ពុជា ដែលកំពុងគ្រប់គ្រងដឹកនាំលើវិស័យនេះ នឹងផ្តល់ព័ត៌មានលម្អិតស្តីពីតួនាទី និងភារកិច្ច ដែលមន្រ្តីសាធារណៈត្រូវមាន ហើយនឹងធ្វើការពន្យល់លម្អិត លើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ថ្មី សម្រាប់ច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។