ប្រជាពលរដ្ឋអាចផ្លាស់ប្ដូរគោលនយោបាយបាន

គ្មាននរណាម្នាក់សប្បាយចិត្តនឹងច្បាប់ និងបទបញ្ញត្តិទាំងអស់ នៃប្រទេសដែលខ្លួនកំពុងតែរស់នៅនោះទេ។ មានច្បាប់ខ្លះមិនអាចការពារសិទ្ធិរបស់យើងបានល្អគ្រប់គ្រាន់នោះឡើយ ចំណែកឯច្បាប់ផ្សេងទៀត អាចមានការដាក់កម្រិតរឹតត្បិត ដែលយើងគិតថាមិនមានភាពយុត្តិធម៌ ឬមិនមានភាពច្បាស់លាស់គ្រប់គ្រាន់ ដែលការណ៍នោះ វាប្រៀបបានដូចជាការធ្វើបាបយើងដូច្នោះដែរ។ នៅ API យើងជឿជាក់យ៉ាងមុតមាំថា ប្រជាជនអាចផ្លាស់ប្តូរច្បាប់ និងគោលនយោបាយ ហើយតាមកំណត់ត្រានៃការតស៊ូមតិរបស់យើងបានបង្ហាញថា យើងពិតជាគិតត្រូវមែន។

ភាពជោគជ័យយ៉ាងធំធេងលើផ្នែកចរាចរណ៍

អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលប្រទេសកម្ពុជា ល្បីដោយសារអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់បំផុតក្នុងប្រជាជនម្នាក់ នៅក្នុងតំបន់ទាំងមូល ខណៈដែល នៅក្នុងរាជធានីភ្នំពេញ ច្បាប់ចរាចរណ៍ធ្លាប់ត្រូវបានគេមិនគោរពសោះ ដែលភាគច្រើនពីសំណាក់អ្នកបើកបរយានយន្តតែម្ដង។ ប៉ុន្តែ ទោះបីជាការសេពគ្រឿងស្រវឹងហើយបើកបរ ឬក៏ការមិនឈប់ពេលភ្លើងក្រហម នៅតែជាបញ្ហា ក្នុងពេលសព្វថ្ងៃក៏ដោយ ក៏ថ្មីៗនេះ ស្ថានភាពបានប្រសើរឡើងផងដែរ ដោយសារតែច្បាប់ចរាចរណ៍ថ្មី និងប្រសើរជាងមុន ត្រូវបានអនុម័តនៅឆ្នាំ ២០១៥ ។ ការណ៍នេះ អាចធ្វើទៅបានដោយសារតែយុទ្ធនាការតស៊ូមតិប្រកបដោយនិរន្តរភាព ដែលយើងបានដំណើរការរួមគ្នា ជាមួយអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ឬក៏ជាផ្នែកមួយ នៃបណ្តាញសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។ ស្របពេលដែលការងារក្នុងការធ្វើឲ្យការធ្វើចរាចរ មិនសូវមានគ្រោះថ្នាក់ដល់អាយុជីវិត មិនទាន់សម្រេចបានពេញលេញនៅឡើយនោះ នៅមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើឡើងដើម្បីកែលម្អទាំងក្របខណ្ឌគតិយុត្ត និងការអនុវត្តរបស់ប៉ូលីសចរាចរណ៍ ដែលវាច្បាស់ណាស់ថា កិច្ចខិតខំប្រឹងប្រែងប្ដេជ្ញាពីប្រជាពលរដ្ឋ និងសង្គមស៊ីវិល ពិតជាអាចផ្លាស់ប្តូរស្ថានការណ៍បានច្រើនមែន។ និយាយម៉្យាងទៀត ភាពជោគជ័យលើច្បាប់ចរាចរណ៍ គឺជាឧទាហរណ៍ដំបូង ដែលបង្ហាញថាការតស៊ូមតិ ពិតជាដំណើរការយ៉ាងពិតប្រាកដ ហើយអាចនាំឲ្យមានការផ្លាស់ប្តូរគោលនយោបាយបាន។

បាតដៃស្អាតស្អំមានភាពយឺតយ៉ាវ

វាជាការពិត ដែលមិនមែនសុទ្ធតែការផ្តួចផ្តើមតស៊ូមតិកន្លងមកទាំងអស់របស់យើង ត្រូវបានរៀបចំឡើងតាមរបៀប ដែលគួរឲ្យពេញចិត្តទាំងស្រុងនោះទេ។ អ្វីដែលលេចធ្លោជាងគេនោះ ទោះបីជាយើងបានជម្រុញឲ្យមានច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មានសាធារណៈក្នុងរយៈពេលជាង ១៥ ឆ្នាំចុងក្រោយនេះក៏ដោយ ក៏ច្បាប់នេះនៅតែមិនទាន់ត្រូវបានអនុម័តដោយសភាកម្ពុជានៅឡើយទេ។ អ្នកអាចរកព័ត៌មានលម្អិតនៃឥទ្ធិពលរបស់យើង នៅក្នុងផ្នែកនេះបាន ដោយចូលទៅកាន់ទំព័រនេះ។ ក្នុងន័យប្រហាក់ប្រហែលនឹងគ្នានេះដែរ API បានស្នើសុំការផ្លាស់ប្តូរនៅនឹងមុខ ចំពោះការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេស ប៉ុន្តែ ទោះបីជាមានការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយកាលពីឆ្នាំ ២០១០ ក៏ពិតមែន ការសូកប៉ាន់ និងការដោះស្រាយបញ្ហាដោយខ្លួនឯង នៅតែនៅតែមាន ជាបញ្ហាទូទៅនៅគ្រប់ជាន់ថ្នាក់នៃរដ្ឋបាលសាធារណៈ ជាពិសេស  ពេលនិយាយអំពីសម្បទានដី លទ្ធកម្មសាធារណៈ ឬការផ្ដល់អាជ្ញាប័ណ្ណសម្រាប់ការវិនិយោគឯកជនជាដើម។ ហើយបើទោះបីជា ប្រទេសកម្ពុជាគឺជាផ្នែកមួយនៃអនុសញ្ញាប្រឆាំងអំពើពុករលួយរបស់អង្គការសហប្រជាជាតិ (UNCAC) ក៏ដោយ ក៏វឌ្ឍនភាពនៅក្នុងវិស័យនេះ មានសភាពយឺតយ៉ាវនៅឡើយ នេះបើយោងតាម ការត្រួតពិនិត្យជាសកលតាមកាលកំណត់ចុងក្រោយនោះ។ ទោះបីជាយ៉ាងណាក៏ដោយ មានរឿងមួយចំនួន ដែលអាចត្រូវបានសម្រេចនៅទីនេះ ជាពិសេសនៅថ្នាក់មូលដ្ឋាន។ ដោយសារតែការទទូចរបស់ API លើតម្លាភាពកាន់តែច្រើន ឥឡូវនេះ វាមានភាពកាន់តែច្បាស់លាស់អំពីនីតិវិធី និងថ្លៃឈ្នួល ក្នុងការស្នើសុំឯកសារ ឬសេវាកម្មនានា ពីអាជ្ញាធរមូលដ្ឋាន។

ការតស៊ូមតិនៅក្នុងសហគមន៍

ជោគជ័យដ៏គួរឲ្យកត់សម្គាល់បំផុតរបស់យើង ក្នុងការផ្លាស់ប្តូរគោលនយោបាយនោះ គឺនៅថ្នាក់មូលដ្ឋាន។ នេះមិនមែនត្រឹមតែដោយសារតែរដ្ឋបាលថ្នាក់ខ្ពស់នៃប្រទេស កាន់តែពិបាកក្នុងការជះឥទ្ធិពល បើមិនមានកិច្ចខិតខំប្រឹងប្រែង ដែលរៀបចំទុកទេនោះ ហើយបូករួមនឹងការចូលរួមពីតំណាងអន្តរជាតិជាច្រើន ការធ្វើយុទ្ធនាការបញ្ចុះបញ្ចូលជាច្រើនឆ្នាំ និងតួលេខថវិកាក៏ខ្ពស់ផងដែរ។ វាភាគច្រើនប្រហែលជាកើតឡើងដោយសារវិធីសាស្រ្តជាក់លាក់ របស់ API ក្នុងការតស៊ូមតិ។ ជាសាមញ្ញម្ដងម្កាល យើងបានលើកឡើងនូវបញ្ហា ដែលយើងគិតថាមានភាពពាក់ព័ន្ធ ហើយបន្តធ្វើដំណើរការតស៊ូមតិលើវា។ ពួកយើងភាគច្រើនចាប់ផ្តើមនៅថ្នាក់មូលដ្ឋាន ដោយព្យាយាមរកឲ្យឃើញនូវបញ្ហាដ៏ពិតប្រាកដរបស់សហគមន៍ជាមុនសិន ហើយបន្ទាប់មក ប្រមូលទិន្នន័យទាំងអស់ចេញពីក្ដីកង្វល់ទាំងនោះ ដាក់ទៅក្នុងផែនការគម្រោង ឬតំបន់កម្មវិធី ដែលមានមហិច្ឆតាធំ។ លទ្ធផលនៃវិធីសាស្រ្តបែបនេះ ច្បាស់ណាស់ថា ពិតជាចំណាយពេលយូរដើម្បីអាចឲ្យគេមើលឃើញបាន ហើយក៏មានកម្រិតក្នុងវិសាលភាពដែរ បើប្រៀបនឹងការផ្លាស់ប្តូរសំខាន់ៗនៃច្បាប់ជាតិនោះ។ ទោះជាយ៉ាងណាក៏ដោយ យើងពិតជាជឿជាក់ថា ការតស៊ូមតិរបស់យើងគឺមាននិរន្តរភាព និងប្រជាធិបតេយ្យ ជាជាងការគ្រាន់តែបញ្ចុះបញ្ចូលសម្រាប់អាទិភាពផ្ទាល់ខ្លួនរបស់យើង នៅទីបំផុតនោះ។ ការផ្តួចផ្តើម ដែលបានផ្តល់ឲ្យសម្រាប់ការផ្លាស់ប្តូរគោលនយោបាយ ប្រហែលជាចាំបាច់ក្នងការឆ្លើយតបទៅនឹងស្តង់ដារនៃសិទ្ធិមនុស្ស គណនេយ្យភាព ឬក៏ប្រសិទ្ធភាព ប៉ុន្តែ ប្រសិនបើពលរដ្ឋភាគច្រើនមិនបានដឹងពីតម្រូវការទេនោះ វាពិបាកណាស់ក្នុងការស្រមៃថា តើការផ្លាស់ប្តូរនេះអាចត្រូវបានអនុវត្តយ៉ាងដូចម្តេច ដើម្បីឲ្យវាក្លាយទៅជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ បើទោះបីជាយើងសន្មត់ថា អ្នករាល់គ្នានៅក្នុងជួររដ្ឋាភិបាលប្រឹងឱបក្រសោបយកវាក៏ដោយចុះ។

មានតាំងពីផ្នែកជលផល ដល់សំបុត្រកំណើត

ដូច្នេះ ជាទូទៅ API ប្តេជ្ញាចិត្តតស៊ូមតិដើម្បីការផ្លាស់ប្តូរគោលនយោបាយ តាមរបៀបដែលសហគមន៍ត្រូវបានគ្រប់គ្រងជាមុនសិន។ ការផ្តោតឥតឈប់ឈររបស់យើង ទៅលើការចូលរួមតាមបែបប្រជាធិបតេយ្យតាមមូលដ្ឋាន ត្រូវបានពិពណ៌នាលម្អិតនៅទីនេះ និងនៅទីនេះ។ យើងក៏បានផ្តោតលើការយកចិត្តទុកដាក់ជាពិសេស លើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាកម្មសាធារណៈ ដែលផ្តល់ជូននៅថ្នាក់មូលដ្ឋាន ដោយតស៊ូមតិដើម្បីការផ្លាស់ប្តូរជាលក្ខណៈប្រព័ន្ធ នៅក្នុងរបៀប ដែលសេវាកម្មទាំងនេះត្រូវបានរៀបចំ ប្រគល់ជូន និងវាយតម្លៃ។ ដោយទទូចលើការអនុវត្ត ដែលមានការចូលរួម និងរាប់បញ្ចូល ឧទាហរណ៍ នៅពេលអនុវត្តការកែទម្រង់គណនេយ្យភាពសង្គម (I-SAF) យើងជឿជាក់ថា ពួកយើងកំពុងរួមចំណែកដល់ការកែលម្អ ដែលមិនត្រឹមតែទាក់ទងនឹងគុណភាព សាលារៀន ឬមណ្ឌលសុខភាព ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ពាក់ព័ន្ធនឹងអាកប្បកិរិយាទូទៅរបស់អ្នកផ្តល់សេវាកម្មផងដែរ និងទំនាក់ទំនងរបស់ពួកគេ ជាមួយពលរដ្ឋជាម្ចាស់សិទ្ធិ។ និយាយម៉្យាងវិញទៀត ខណៈដែលគម្រោងកន្លងមករបស់យើងមានគោលដៅធ្វើអន្តរាគមន៏ដោយផ្ទាល់សម្រាប់ការអនុវត្ត ដែលមានការរំលោភបំពានតិចតួច ក្នុងការផ្តល់សម្បទានដី តម្លាភាពនៃថវិកា ឬការចំណាយសាធារណៈ ដែលមានប្រសិទ្ធិភាពលើការអប់រំនោះ ហើយភាគច្រើនការផ្តួចផ្តើមរបស់យើងផ្តោតលើការផ្លាស់ប្តូរក្របខ័ណ្ឌ ដែលអ្វីៗទាំងអស់នេះកំពុងកើតឡើង។ ប្រសិនបើ យើងអាចបន្តជម្រុញបន្ថែមសម្រាប់ការផ្លាស់ប្តូររចនាសម្ព័ន្ធបែបនេះ អាចធ្វើឲ្យប្រជាពលរដ្ឋ និងសង្គមស៊ីវិលចូលរួមប្រកបដោយអត្ថន័យ និងជាប្រព័ន្ធ នៅក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តក្នុងមូលដ្ឋានទាំងអស់បាន នោះពួកគេនឹងអាចតស៊ូមតិសម្រាប់បញ្ហារបស់ខ្លួនបាន មិនថាបញ្ហាទាក់ទងនឹងជលផល ហេដ្ឋារចនាសម្ព័ន្ធ ឬសំបុត្រកំណើតនោះឡើយ។

ការបង្កើតទម្រង់នៃការតស៊ូមតិសម្រាប់ថ្ងៃមុខ

នេះគឺជាកន្លែង ដែលការកសាងសមត្ថភាពបានចូលខ្លួនមក។ នៅ API យើងជឿជាក់យ៉ាងមុតមាំថា ការតស៊ូមតិមិនគួរក្លាយជាប្រយោជន៍របស់ក្រុមអ្នកធំៗមួយចំនួន ដែលមានមូលដ្ឋាននៅភ្នំពេញនោះទេ ប៉ុន្តែ សម្រាប់អង្គការសហគមន៍តូចៗ (CBOs) ដែលគួរតែអាច និងគួរព្យាយាមជះឥទ្ធិពលទៅលើគោលនយោបាយ នៅកម្រិតដែលពួកគេមានសកម្មភាព។ បញ្ហាក្នុងមូលដ្ឋាន ល្អបំផុត គឺគួរតែត្រូវបានលើកឡើង និងដោះស្រាយនៅក្នុងមូលដ្ឋាននោះ ប៉ុន្តែ ដើម្បីឲ្យអង្គការសង្គមស៊ីវិល អាចចូលរួមចំណែកយ៉ាងមានតម្លៃក្នុងការសន្ទនាបែបស្ថាបនាជាមួយអាជ្ញាធរនោះ ពួកគេត្រូវការជំនាញផ្សេងៗ ដែលចាំបាច់ ដើម្បីឲ្យពួកគេអាចលើកឡើងពីបុព្វហេតុរបស់ខ្លួន តាមវិធីដែលប្រកបដោយប្រសិទ្ធភាព និងមានចំណេះដឹង។ ដូច្នេះ យើងបានចំណាយកម្លាំងជាច្រើន ក្នុងការកសាងសមត្ថភាពសម្រាប់ការតស៊ូមតិ ហើយក៏ប្រហែលជាច្រើនជាងការតស៊ូមតិដោយផ្ទាល់ផងដែរ ដែលនេះ គឺពិតជាលក្ខណៈមួយនៃវិធីសាស្ត្ររបស់ API ។ តាមរយៈ ការសង្កត់ធ្ងន់ឥតឈប់ឈររបស់យើងទៅលើការបណ្តុះបណ្តាលនៅក្នុងថ្នាក់មូលដ្ឋាននោះ អ្វីដែលយើងសង្ឃឹមថានឹងទទួលបាន គឺមិនត្រឹមតែជាវិជ្ជាជីវៈ នៃសង្គមស៊ីវិលរបស់ប្រទេសកម្ពុជាប៉ុណ្ណោះទេ បើទោះបីជាវាពិតជាមានតម្រូវការយ៉ាងច្បាស់ក៏ដោយចុះ។ ប៉ុន្តែ ចក្ខុវិស័យទៅអនាគតរបស់យើង គឺលើសពីនេះទៅទៀត គឺយើងចង់រស់នៅក្នុងប្រទេសមួយ ដែលសិទ្ធិមនុស្ស គោលការណ៍ប្រជាធិបតេយ្យ និងការអភិវឌ្ឍសង្គម មិនមែនគ្រាន់តែជារឿងអរូបិយ ដែលត្រូវបានសរសេរនៅក្នុងច្បាប់ ឯកសារផ្លូវការ និងរបាយការណ៍សកម្មភាពប៉ុណ្ណោះទេ ប៉ុន្តែ ជាផ្នែកមួយនៃជីវិតរស់នៅប្រចាំថ្ងៃ ដែលស្ថិតក្នុងដួងចិត្ត និងគំនិតរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។