ប្រតិកម្មដំបូងចំពោះភាពលំបាក ដែលប្រជាជនកម្ពុជាកំពុងប្រឈមមុខជាមួយនោះ API បានដាក់ចេញនូវការផ្តួចផ្តើមឆ្លើយតបយ៉ាងឆាប់រហ័សមួយ ដែលចាប់ដៃគូជាមួយមូលនិធិ Wilde Ganzen នៃប្រទេសហូឡង់ និងអង្គការអប់រំសុខភាព និងបរិស្ថាន (EHE) ដែលមានមូលដ្ឋាននៅខេត្តកំពង់ធំ។ ហេតុផលជាក់ស្តែងនោះ គឺយើងបានជ្រើសរើសការផ្តោតនេះ ទៅលើការធ្វើអន្តរាគមន៍ដល់ជនងាយរងគ្រោះបំផុតរបស់យើង ហើយដូច្នេះ យើងក៏បានកំពុងផ្តល់ជាកញ្ចប់ជំនួយមួយ ជាសាច់ប្រាក់ និងរបស់ប្រើប្រាស់ចាំបាច់ ដល់គ្រួសារដែលមានប្រាក់ចំណូលទាប នៅខណ្ឌសែនសុខ (ភ្នំពេញ) និងស្រុកសណ្តាន់ (កំពង់ធំ) ។ ប្រជាជនកម្ពុជាជាង ៣៥០០ នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីការផ្តួចផ្តើមនេះ។ ការជ្រើសរើសអ្នកទទួលផលរបស់យើងគឺផ្អែកលើទិន្នន័យផ្លូវការទាំងពីអាជ្ញាធរមូលដ្ឋាន (ទិន្នន័យពីបណ្ណក្រីក្រ) និងការធ្វើបទសម្ភាសន៍លម្អិត ដែលយើងបានធ្វើឡើងនៅក្នុងគ្រួសារនីមួយៗ។
ទោះបីយើងមិនមានបេសកកម្មមនុស្សធម៌ ឬប្រវត្តិ និងបទពិសោធន៍នៃមូលនិធិសប្បុរសធម៌ក៏ដោយចុះ ប៉ុន្តែយើងគិតថា វាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើអន្តរាគមន៍ក្នុងស្ថានភាពបច្ចុប្បន្ន។ ជាអកុសល នេះក៏ដោយសារតែវិបត្តិក្នុងពេលបច្ចុប្បន្ន ហាក់ដូចជាមិនមែនជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈបណ្តោះអាសន្ន ដែលអាចនឹងត្រូវយកឈ្នះដោយការចំណាយក្នុងសង្គម ដែលមានកំណត់នោះទេ។ បើនិយាយទៅ វាមិនដូចជាគ្រោះមហន្តរាយធម្មជាតិឡើយ ដោយវាមិនបានកំណត់ចំពោះតំបន់ជាក់លាក់ណាមួយ នៅក្នុងពេលវេលាកំណត់ច្បាស់លាស់ណាមួយទេ។ ផ្ទុយទៅវិញ យើងកំពុងនិយាយអំពីផលប៉ះពាល់នៃកត្តាផ្សេងៗ ដែលនាំឲ្យមានផលវិបាកអវិជ្ជមានរយៈពេលវែងទៅលើសង្គមទាំងមូល ហើយប្រហែលជាសូម្បីតែ បញ្ហារចនាសម្ព័ន្ធ ក៏វាអាចនឹងត្រូវចំណាយពេលរាប់ឆ្នាំ ដើម្បីដោះស្រាយឡើងវិញផងដែរ។ កាលពីមុន ការរឹតត្បិតការធ្វើដំណើរ ដែលមិនត្រូវគេនឹកស្មានដល់ បានបញ្ចប់វិស័យទេសចរណ៍អន្តរជាតិ ដូច្នេះ វានឹងនាំឲ្យមានការបិទសណ្ឋាគារ ភោជនីយដ្ឋាន និងកន្លែងកំសាន្តជាច្រើន ដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់វិស័យដែលជាសសរទ្រូងនៃសេដ្ឋកិច្ចកម្ពុជាមួយនេះ និងជីវភាពរស់នៅរបស់ប្រជាជនរាប់សែនរាប់លាននាក់ដែលមានចំណូលទៀងទាត់ពឹងផ្អែកលើវិស័យទេសចរណ៍។ ការធ្លាក់ចុះនៃតម្រូវការសម្លៀកបំពាក់ក្នុងប្រទេសអភិវឌ្ឍន៍ បានបង្ខំឲ្យរោងចក្រកាត់ដេរនៅកម្ពុជាជាច្រើន បានបញ្ឈប់សកម្មភាពរបស់ខ្លួនដោយគ្មានកាលកំណត់ ដែលហេតុនេះ វាធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មនាំចេញលេខមួយក្នុងស្រុកនេះយ៉ាងធ្ងន់ធ្ងរ។ ទីផ្សារអចលនទ្រព្យកំពុងចាប់ផ្តើមទទួលរងផលប៉ះពាល់ដូចគ្នា មានជាក់ស្តែងដូចជាក្រុមហ៊ុនសំណង់ និងបុគ្គលិកជាច្រើននាក់របស់ពួកគេ។ នៅចុងបញ្ចប់ ភាពរអាក់រអួល និងភាពមិនអាចទាយទុកជាមុនបាននៃបណ្តាញផ្គត់ផ្គង់នោះ គឺជាកត្តាសេដ្ឋកិច្ចមួយផ្សេងទៀត ដែលមានផលប៉ះពាល់លើរចនាសម្ព័ន្ធអាជីវកម្មគ្រប់វិស័យ។
ម៉្យាងវិញទៀត វាច្បាស់ណាស់ថា វិបត្តិបច្ចុប្បន្នមកដល់ក្នុងប្រទេសកម្ពុជា ដែលមិនបានត្រៀមទុកជាមុន តាមរបៀបផ្សេងៗគ្នា។ អ្វីដែលសំខាន់បំផុតនោះ ប្រទេសរបស់យើងនៅតែមិនមានប្រព័ន្ធគាំពារសង្គម ដែលនឹងជួយប្រជាជនងាយរងគ្រោះបំផុតរបស់ខ្លួនឡើយ។ នេះជាបញ្ហា ដែលមាននៅទូទាំងតំបន់ ក៏ដូចជានៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍជាច្រើនទៀតនៅជុំវិញពិភពលោក ប៉ុន្តែនៅប្រទេសកម្ពុជាដែលទើបតែទទួលបានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពក្នុងរយៈពេលពីរទសវត្សចុងក្រោយនេះ បញ្ហានេះស្ថិតនៅត្រឹមតែជាប្រធានបទនៃការជជែកជាសាធារណៈ តែប៉ុណ្ណោះ។ ការកំណត់អត្តសញ្ញាណដំណោះស្រាយជាក់លាក់ ដែលចាំបាច់ត្រូវតែមាន ដោយពិចារណាលើភាពជាក់ស្តែងនៅក្នុងមូលដ្ឋាន ដែលមានដូចជា ទំហំនៃវិស័យក្រៅផ្លូវការក៏ធំ អាយុជាមធ្យមរបស់ប្រជាជន និងអត្រាបំណុលឯកជនដ៏ខ្ពស់ ដែលបច្ចុប្បន្នកំពុងតែក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរ ដល់ជីវភាពរស់នៅរបស់គ្រួសារនីមួយៗ ក៏ដូចជាសង្គមទាំងមូលផងដែរ។ ការណ៍នេះ វាច្បាស់ណាស់ថា ការធ្វើកំណែទម្រង់គឺពិតចាំបាច់ ហើយអ្វីៗមិនអាចបន្តតាមរបៀប ដែលមិនមាននិរន្តរភាព ដូចដែលពេលមុនមានវិបត្តិនោះទេ។
នៅ API យើងកំពុងតាមដានការអភិវឌ្ឍនៅក្នុងតំបន់គោលដៅរបស់យើង ហើយព្យាយាមកំណត់តំបន់ដែលត្រូវការអន្តរាគមន៍។ ក្នុងអំឡុងប៉ុន្មានខែចុងក្រោយ ដែលស្ថានភាពសុខភាពសាធារណៈបានឡើងខ្ពស់នោះ យើងបានធ្វើការពីផ្ទះ ហើយយើងក៏បានផ្តួចផ្តើមដំណើរការប្រកបដោយមហិច្ឆតា ដើម្បីពិនិត្យមើលកម្មវិធី និងគម្រោងទាំងអស់របស់យើង ដើម្បីមើលលើអ្វី ដែលត្រូវការផ្លាស់ប្តូរ ហើយទាក់ទងនឹងលទ្ធភាពនៃសកម្មភាពបច្ចុប្បន្នរបស់យើង និងសំខាន់បំផុតគឺទស្សនៈរបស់អ្នកទទួលផលចុងក្រោយ និងដៃគូគម្រោង។ ការសន្និដ្ឋានដំបូងមួយ ដែលយើងបានធ្វើឡើង គឺយើងត្រូវចាប់ផ្តើមធ្វើដំណើរទៅកាន់ឌីជីថលភាវូបនីយកម្ម ដែលច្រើនជាង និងលឿនជាងអ្វីដែលយើងបានគិតទុកកាលពីមុន។ យើងកំពុងធ្វើការអភិវឌ្ឍគម្រោងថ្មីៗ ដើម្បីប្រឈមនឹងបញ្ហាថ្មីផងដែរ ដោយផ្អែកលើបទពិសោធន៍យ៉ាងទូលំទូលាយរបស់យើងក្នុងកម្រិតមូលដ្ឋាន ក៏ដូចជាសេវាកម្មសាធារណៈក្នុងស្រុក។ យើងជឿជាក់លើសាមគ្គីភាពសង្គម ដែលជាលក្ខខណ្ឌចាំបាច់នៃការចូលរួមយ៉ាងទូលំទូលាយ ស្មើភាព និងប្រជាធិបតេយ្យ នៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តជាសាធារណៈ។ មានតែការធ្វើការជាមួយគ្នា និងបំពេញតម្រូវការរបស់គ្នាទៅវិញទៅមកទេ ដែលយើងអាចសង្ឃឹមបានថា នឹងរកដំណោះស្រាយដ៏ល្អបំផុត សម្រាប់វិបត្តិនាពេលបច្ចុប្បន្ន។