នៅថ្ងៃទី ២៧-២៩ ខែមេសា ឆ្នាំ២០២១ ក្រុមគម្រោង A4A បានផ្តល់វគ្គបណ្តុះបណ្តាលអនឡាញ ដែលផ្តោតលើប្រធានបទសិទ្ធិរបស់អង្គការសហគមន៍ (CBOs) ដើម្បីចូលរួមជាមួយរដ្ឋាភិបាលមូលដ្ឋាន ក្នុងដំណើរការរៀបចំផែនការវិនិយោគឃុំ និងស្រុក។ អ្នកចូលរួមមានស្ត្រីជាង ៨០ នាក់ ដែលតំណាងឲ្យអង្គការសហគមន៍ចំនួន ៣៥ មកពីស្រុកចំនួន ៣ គឺស្រុកចិត្របុរី នៃខេត្តក្រចេះ ស្រុកប្រាសាទបល្ល័ង្គ នៃខេត្តកំពង់ធំ និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះក៏មានការចូលរួមពីដៃគូគម្រោងរបស់យើង គឺ EWMI ក៏ដូចជាបុគ្គលិក និងអ្នកស្ម័គ្រចិត្តរបស់សមាគមយុវជនជនដើមភាគតិចកម្ពុជា (CIYA) ផងដែរ។ អ្នកចូលរួមបានចែករំលែកអំពីសំណួរ ដំណោះស្រាយ គំនិត និងបទពិសោធន៍ជាច្រើន នៅក្នុងបរិបទនៃការចូលរួមជាមួយរដ្ឋាភិបាលក្នុងមូលដ្ឋាន។ វគ្គស្តីពី FPIC ដែលជាគោលការណ៍ណែនាំអន្តរជាតិសម្រាប់ជនជាតិដើមភាគតិចក៏ត្រូវបានបញ្ចូលក្នុងកម្មវិធីនេះផងដែរ ដោយហេតុថា អ្នកចូលរួមភាគច្រើនគឺមកពីសហគមន៍ជនជាតិដើមភាគតិច។ វិធីសាស្រ្តនៅក្នុងវគ្គបណ្តុះបណ្តាលនេះ រួមបញ្ចូលនូវបទបង្ហាញពីការពិភាក្សាជាក្រុម ករណីសិក្សា វីដេអូ និងវគ្គសំណួរចម្លើយ។ វាក៏មានការពិភាក្សាបើកចំហរអំពីករណី ដែលសហគមន៍ជនជាតិដើមភាគតិចរងផលប៉ះពាល់ពីដីសម្បទានសេដ្ឋកិច្ចនៅខេត្តកំពង់ធំផងដែរ។ ទោះបីជាមានបញ្ហាប្រឈមមួយចំនួន ដោយសារល័ក្ខខណ្ឌអាកាសធាតុមិនសូវអំណោយផល (ព្យុះភ្លៀង) ដែលបានជះឥទ្ធិពលដល់ល្បឿនអ៊ីនធឺណិតនៅតាមតំបន់ដាច់ស្រយាល ដែលធ្វើឲ្យមានភាពរអាក់រអួលក៏ដោយចុះ ក៏វគ្គបណ្តុះបណ្តាលនេះនៅតែត្រូវបានបញ្ចប់ទៅដោយជោគជ័យពីសំណាក់អ្នកចូលរួម។ អ្នកតំណាងឲ្យ API មានដូចជា គ្រូឧទ្ទេសរបស់យើងគឺលោក ម៉ាន់ វ៉ាន់ផាន់និត លោក អែម ប៉ូលី និង លោក លាប ឆេងឡា បានធ្វើការសម្របសម្រួលវគ្គបណ្ដុះបណ្ដាលនេះ រួមគ្នាជាមួយលោក រ័ត្ន លក្ខិណា មកពី CIYA។