នៅចុងខែឧសភា និងដើមខែមិថុនាឆ្នាំ ២០២១ ក្រុមការងារគម្រោង A4A របស់យើងបានរៀបចំវគ្គបណ្តុះបណ្តាលផ្នែកច្បាប់តាមអ៊ីនធឺណិតស្តីពីសម្បទានដីសេដ្ឋកិច្ច ក្នុងភាពជាដៃគូជាមួយវិទ្យាស្ថានគ្រប់គ្រងបូព៌ា-បស្ចឹម និងក្រុមមេធាវី វិស្ណុ។ អ្នកចូលរួមទាំង ៣៧ នាក់ភាគច្រើនគឺជាស្ត្រីជនជាតិដើមភាគតិច ដែលមកពីខេត្តក្រចេះ កំពង់ធំ និងខេត្តពោធិ៍សាត់ ខណៈដែលគោលបំណងសំខាន់នៃវគ្គសិក្សានេះគឺ ដើម្បីផ្តល់ឱកាសសិក្សារៀនសូត្រ ដល់អ្នកទទួលផល និងដើម្បីកសាងសមត្ថភាពផ្នែកច្បាប់របស់ពួកគេឲ្យបានប្រសើរឡើង។ ចំណុចផ្ដោតសំខាន់ផ្សេងទៀតនៅក្នុងវគ្គនេះរួមមាន ដំណើរការវាយតម្លៃផលប៉ះពាល់ចំពោះបរិស្ថាន ការចូលរួមជាសាធារណៈ និងយន្តការនៃការដោះស្រាយជម្លោះនានា។ អ្នកចូលរួមក៏មានឱកាសក្នុងការចែករំលែកបទពិសោធន៍របស់ពួកគេ ជាមួយអ្នកជំនាញផ្នែកច្បាប់ និងស្វែងយល់បន្ថែមអំពីប្រភេទសម្បទានដីផ្សេងៗ ក្របខ័ណ្ឌច្បាប់ លក្ខន្តិកៈ គោលបំណង និងនីតិវិធីទូទៅ សម្រាប់ស្នើសុំសម្បទានប្រភេទផ្សេងៗគ្នាទាំងអស់នោះផងដែរ។ ពួកយើងរីករាយណាស់ នៅពេលដែលអ្នកចូលរួមមានភាពសកម្មរស់រវើកនៅក្នុងការពិភាក្សាជាក្រុម និងក្នុងវគ្គសំណួរចម្លើយ ហើយអាចកំណត់អំពីគុណសម្បត្តិ និងគុណវិបត្តិនៃគម្រោងវិនិយោគនីមួយៗ និងមានសមត្ថភាពនៅក្នុងការដាក់ពាក្យបណ្តឹងតាមស្ថាប័នដែលមានសមត្ថកិច្ចបានថែមទៀត។