ការចូលរួមធ្វើឲ្យមានការផ្លាស់ប្ដូរ

ទោះបីជា ពលរដ្ឋចូលរួម ឬមិនចូលរួម​​យ៉ាងសកម្មក្ដីក្នុង​ការ​សម្រេចចិត្ត ដែលជះឥទ្ធិពល​ដល់ពួកគេ វាមិនត្រឹមតែជាលក្ខណៈវិនិច្ឆ័យមូលដ្ឋានមួយ ដែលសម្គាល់ថាជាលទ្ធិប្រជាធិបតេយ្យ ដែលខុសពីសង្គមផ្តាច់ការប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ឆ្លុះបញ្ចាំងពីគុណភាពនៃសេវាសាធារណៈ ហើយទីបំផុត គឺគុណភាពនៃជីវិតតែម្ដង។ នៅ API យើងបានព្យាយាមយ៉ាងអស់ពីសមត្ថភាព ដើម្បី​ធ្វើ​ឲ្យ​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ ក្លាយជារឿងតែមួយគត់ដែលមានសារៈសំខាន់ ជាពិសេសនៅថ្នាក់មូលដ្ឋាន។

រឿងរ៉ាវនៃតម្លៃទីផ្សារ

គិរីវ័ន្ត ជាឈ្មោះឃុំមួយស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រ ភាគខាងលិចទីក្រុងភ្នំពេញ ស្ថិតតាមផ្លូវទៅកាន់ឧទ្យានជាតិគីរីរម្យដ៏ល្បីល្បាញ។ ប្រជាជនភាគច្រើនដែលរស់នៅទីនេះគឺជាកសិករ ដោយក្រៅពីដាំស្រូវ ពួកគេដាំឪឡឹក អំពៅ ដំឡូង និងដើមរុក្ខជាតិផ្សេងៗទៀត សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន និង​សម្រាប់​បង្កើត​ប្រាក់ ចំណូល។ ជា​ធម្មតា ពួកគេ​នាំ​យក​ផលិតផល​ទៅ​កាន់​​ផ្សារ​ត្រពាំងក្រឡឹង ដែលជាកន្លែងបន្លែ ផ្លែឈើ និងទំនិញកសិកម្មផ្សេងទៀត មកពីក្នុងឃុំទាំងមូល ត្រូវបានគេយកទៅលក់នៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំ ២០១១ នៅពេលដែលយើងកំពុងធ្វើការលើគម្រោងមួយ នៅក្នុងឃុំរបស់ពួកគេ អ្នកភូមិ​ជា​ច្រើន​​នៅក្នុងឃុំ បានត្អូញត្អែរអំពីថ្លៃឈ្នួលខ្ពស់ ដែលក្រុមហ៊ុនដំណើរការផ្សារនោះ កំពុងប្រមូលពីពួកគេ។ ប្រជាជនមកពីក្នុងសហគមន៍ចង់ដឹងថា តើថ្លៃឈ្នួលនេះ ដែលអាចមានតម្លៃដល់ ១០០០ រៀលក្នុងមួយថ្ងៃ មានការយល់ព្រមពីអាជ្ញាធរមូលដ្ឋាន ឬក៏ជាលទ្ធផលនៃការរំលោភបំពាន។

 

ដូច្នេះ ជាមួយគ្នានឹងដៃគូគម្រោងរបស់យើងគឺ ម្លប់បៃតង យើងបានអញ្ជើញក្រុមប្រឹក្សាឃុំ និងអ្នកធ្វើសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានា ឲ្យចូលរួមវេទិកាជាមួយប្រជាពលរដ្ឋ និងពិភាក្សាអំពីប្រធានបទនេះ។ ភ្លាមៗនោះ រឿងបានបង្ហាញថា ទាំងរដ្ឋបាលឃុំ និងស្រុក មិនមានច្បាប់ចម្លងនៃកិច្ចសន្យា ជាមួយក្រុមហ៊ុនឯកជន ដែលគ្រប់គ្រងផ្សារនោះទេ ហើយក្រោយមកទៀត ក៏មិនបានឆ្លើយតបនឹងការអញ្ជើញរបស់យើងឡើយ។ វាចំណាយពេលជិត ៤ ខែ ក្នុងការប្រជុំទៀងទាត់ ដែល​មេ​ដឹកនាំ​សហគមន៍​ បានលើកឡើងម្តងហើយម្តងទៀត រហូតដល់យើងទាំងអស់គ្នាបានដឹងថា​ យោងតាមកិច្ចសន្យា ដែលបានចុះហត្ថលេខានៅថ្នាក់ខេត្ត ថ្លៃសេវាប្រចាំថ្ងៃមិនត្រូវបានគេសន្មតឲ្យយកលើសពី ៣០០ រៀលឡើយ។ មានតែពេលនោះទេ ដែលក្រុមហ៊ុនបានទទួលស្គាល់ថា ខ្លួនបានយកថ្លៃហួសកម្រិតជាប់ជារហូតមក ហើយបានសន្យាថា នឹងយកថ្លៃដូចដែលបានចែងនៅក្នុងក្របខ័ណ្ឌនៃការចរចា ចាប់ពីពេលនេះតទៅ។

ការផ្ដោតរបស់យើងនៅក្នុងមូលដ្ឋាន

នេះគឺជារឿងមួយ ដែលនិយាយអំពីអ្វីដែល ការកៀរគរ និងការចូលរួមក្នុងមូលដ្ឋាន អាចសម្រេចបាន ប៉ុន្តែ វាក៏បង្ហាញដូចគ្នា ថាតើវាមានការលំបាកយ៉ាងណា ក្នុងការជួសជុលការខូចខាត ដែលបណ្ដាលមកពីការសម្រេចចិត្តដាច់ដោយឡែក ជាឯកតោភាគី និងគ្មានតម្លាភាពនោះ។ ក្នុងពេលជាមួយគ្នានេះ វាមិនមែនជាករណី ដែលឆ្ងាយដាច់ស្រយាលនោះទេ ដោយនៅក្នុងសកម្មភាពជាង ១៥ ឆ្នាំរបស់យើង នៅក្នុងមូលដ្ឋាន ពួកយើងបានឮពីរឿងស្រដៀងគ្នានេះជាច្រើនទៀត ដែលសុទ្ធតែមានទិសដៅតែមួយដូចគ្នា។ តាំងពីដំបូងមក API បានប្តេជ្ញាចិត្តក្នុងការតស៊ូមតិ និងធ្វើឲ្យពលរដ្ឋចូលរួមក្នុងការ ធ្វើឲ្យសំឡេងរបស់ពួកគេ ត្រូវបានដឹងឮ អនុវត្តការគ្រប់គ្រងបែបប្រជាធិបតេយ្យ និងធ្វើឲ្យរដ្ឋាភិបាលមានគណនេយ្យភាព។ ភ្លាមៗនោះ​ យើងក៏ដឹងថា ការណ៍នេះ​ មានងាយស្រួលក្នុងការសម្រេចបាន នៅតាមស្រុក និងខេត្ត ជាជាងនៅថ្នាក់ជាតិ ដែលនយោបាយបានដើរតួនាទីយ៉ាងធំ ហើយការទាមទារបែបខ្លាំងក្លានោះ អាចនឹងត្រូវបាន គេយកមកបកស្រាយខុស ជាពិសេសក្នុងបរិបទបច្ចុប្បន្ននេះ។

 

ទោះបីជាយ៉ាងណាក៏ដោយ មួយវិញទៀត ការចូលរួមបែបប្រជាធិបតេយ្យនៅ​ថ្នាក់​មូលដ្ឋាន គឺភាគច្រើន ជាតម្រូវការតាំងពីពេលចាប់ផ្ដើមមក ហើយក៏ជាការធានាមួយ សម្រាប់និរន្តរភាពនៃអនាគតឆ្ពោះទៅរក ការចូលរួមរបស់ពលរដ្ឋប្រកបដោយអត្ថន័យផងដែរ នៅលើឆាកដែលកាន់តែធំ។ នៅក្នុងប្រទេសមួយ ដូចជាប្រទេសកម្ពុជា ដែលមានចំនួនប្រជាជនច្រើននៅតែមាននៅក្នុងសហគមន៍តូចៗ វាពិបាកនឹងជឿថា ការចូលរួមយ៉ាងសកម្មនៅក្នុងប្រធានបទអរូបិយ ដែលត្រូវបានលើកយកមកពិភាក្សានៅក្នុងសភា នឹងអាចកើតឡើងជាទ្រង់ទ្រាយធំ និងមានលទ្ធផលបានយូរអង្វែងណាស់ ប្រសិនបើសកម្មភាពទាំងនេះ មិនកើតឡើងនៅក្នុងមូលដ្ឋាន ដែលមានបញ្ហាជាក់ស្តែងច្រើនទេនោះ។ ផ្ទុយគ្នាពីរឿងរ៉ាវទាំងនេះ យើងចាត់ទុកការជម្រុញបន្តរបស់យើង សម្រាប់ការចូលរួមតាមបែបប្រជាធិបតេយ្យតាមមូលដ្ឋាន គឺជាកិច្ចខិតខំប្រឹងប្រែងដ៏មានសារៈសំខាន់មួយ នៅក្នុងទិសដៅដ៏ត្រឹមត្រូវ។

ភាគីទាំងសងខាងត្រូវចូលរួមក្នុងទទួលខុសត្រូវ

ដើម្បីឲ្យពលរដ្ឋ អាចមានសិទ្ធិនិយាយនៅក្នុងការសម្រេចចិត្ត ដែលកំណត់អនាគតរបស់ឃុំសង្កាត់ ស្រុកខណ្ឌ ឬខេត្តរបស់ពួកគេបាន ជាដំបូង ពួកគេត្រូវតែបានផ្តល់ឲ្យនូវឱកាសដ៏ពិតប្រាកដមួយសិន ដើម្បីអាចធ្វើទៅបាន។ ឧទាហរណ៍ នេះមានន័យថា វេទិកា ឬការពិគ្រោះយោបល់ជាទៀងទាត់ មិនមែនត្រឹមតែត្រូវបានធ្វើឡើង គ្រាន់តែជាការគោរពតាមអធិករណ៍របស់អាជ្ញាធរ ឬជាការគួរសមជាផ្លូវការតែប៉ុណ្ណោទេ ប៉ុន្តែជាកន្លែងជជែកវែកញែកពិតប្រាកដ ដែលប្រធានបទទាំងឡាយ អាចត្រូវបានលើកឡើងដោយនរណាក៏បាន ហើយលទ្ធផលនៃការពិភាក្សា នឹងមានលក្ខណៈបើកចំហ ជាជាង ការដែលរៀបចំទុកជាមុន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋត្រូវតែទទួលបានឱកាស ក្នុងការឃ្លាំមើលជាលក្ខណៈប្រព័ន្ធ នូវសកម្មភាពរបស់មន្រ្តីមូលដ្ឋាន ដើម្បីវាយតម្លៃ និងផ្តល់យោបល់លើការអនុវត្តការងាររបស់ពួកគេ និងសួរសំណួរ(មិនពេញចិត្ត)បាន ។ សម្រាប់ប្រទេសកម្ពុជា ដែលជាប្រទេសមួយ ដែលនៅមានគំនិតនៃសិទ្ធិអំណាច បែបប្រពៃណីនៅឡើយនោះ នេះជាការបោះជំហានទៅមុខដ៏ធំធេងមួយ ប៉ុន្តែ យើងក៏នៅតែទទូចថា ក្រុមប្រឹក្សាមូលដ្ឋាន និងអ្នកធ្វើសេចក្តីសម្រេចចិត្តផ្សេងទៀត គួរតែឈប់គិតពីខ្លួនឯងថា ជាបុគ្គលដែលអ្នកដទៃមិនអាចប៉ះពាល់បាន ហើយចាប់ផ្តើមយល់ថាខ្លួន មានទទួលខុសត្រូវ ចំពោះមណ្ឌលរបស់ខ្លួនផងទៅ។

 

ទន្ទឹមនឹងនេះដែរ វាជារឿងឆោតល្ងង់ណាស់ ដែលជឿថា នៅពេលដែលសមាជិកសហគមន៍មូលដ្ឋាន ត្រូវបានផ្តល់ឱកាសតិចតួចក្នុងការបញ្ចេញមតិ ពួកគេនឹងធ្វើវាបានដោយឯកឯង ដោយមានការបកស្រាយ និងប្រកបដោយផលិតភាពបំផុតនោះ។ មិនត្រឹមតែទម្រង់ផ្សេងៗទៀត នៃគុណវិបត្តិក្នុងសង្គម (ដូចជាភាពជាក់ស្ដែង ឬការយល់ដឹង) ដែលមានដូចជា ភាពក្រីក្រ ការខ្វះការអប់រំផ្លូវការ ការកើតក្នុងក្រុមជនជាតិភាគតិច ឬគ្រាន់តែជាស្ត្រីប៉ុណ្ណោះទេ ដែលការណ៍នោះ ជាញឹកញាប់ អាចនឹងរារាំងពួកគេ មិនឲ្យលើកឡើងពីសំឡេងរបស់ពួកគេបាន។ ទោះបីជា ពួកគេអាចជំនះឧបសគ្គទាំងនេះ ឬមិនស្ថិតក្នុងក្រុមណាមួយក៏ដោយចុះ ក៏ការចូលរួមក្នុងសង្គម មិនកើតឡើងដោយធម្មជាតិនោះទេ ប៉ុន្តែ តម្រូវឲ្យមានគំនិតជាក់លាក់មួយ (ដែលជាម្ចាស់សិទ្ធិបានចូលរួមយ៉ាងសកម្ម ផ្ទុយពីរឿងដែលអកម្ម) និងជំនាញជាក់លាក់មួយចំនួន ដូចជាមូលដ្ឋានគ្រឹះនៃការនិយាយជាសាធារណៈ ឬការតស៊ូមតិជាដើម។

ការជម្រុញជាលើកដំបូង ទៅកាន់វិមជ្ឈការ

នេះជាមូលហេតុ ដែលនៅ API យើងបានផ្តោតលើផ្នែកទាំងពីរនៃរឿងនេះ គឺពលរដ្ឋ និងការទាមទារស្របច្បាប់របស់ពួកគេ ដែលជារឿយៗត្រូវបានតំណាងដោយអង្គការសហគមន៍ និងម្ខាងទៀតគឺមន្រ្តីមូលដ្ឋាន ក្នុងនាមជាអ្នកបំពេញកាតព្វកិច្ច។ ក្រុមទាំងពីរ ត្រូវការទម្រង់ផ្សេងៗនៃការកសាងសមត្ថភាព ប្រសិនបើ អន្តរកម្មរបស់ពួកគេក្លាយជាកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដោយផ្អែកលើការទទួលស្គាល់ សេរីភាពនយោបាយមូលដ្ឋាន ការសន្ទនាដោយសមហេតុផល និងវិធីសាស្រ្តក្នុងន័យស្ថាបនានោះ។ គម្រោងដំបូងៗ ចំនួនពីររបស់យើងគឺ “ប្រជាធិបតេយ្យមូលដ្ឋាន” និង “វេទិកាជាតិសម្រាប់កិច្ចពិភាក្សា ការចែករំលែក និងការរៀន” (២០០៨-២០១០) ផ្តោតលើការនាំយក ទាំងផ្នែកតម្រូវការ និងផ្នែកផ្គត់ផ្គង់ ទៅចូលរួមតុតែមួយ ប៉ុន្តែ វាកើតឡើង បន្ទាប់តែពីការផ្តល់ឲ្យពួកគេនូវសម្ភារៈមួយចំនួន ដែលត្រូវការដើម្បីដោះស្រាយបញ្ហាសហគមន៍ប៉ុណ្ណោះ រួមទាំងបញ្ហាដែលរាងបញ្ឆិតបញ្ឆៀងទៀត ដូចជាអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិជាដើម។ អ្នកអាចស្វែងរកព័ត៌មានបន្ថែម អំពីកិច្ចខិតខំប្រឹងប្រែងទាំងនេះ នៅក្នុង របាយការណ៍ប្រចាំឆ្នាំ របស់យើង។

 

ទោះជាយ៉ាងណាក៏ដោយ យើងបានឃើញថា ខ្លួនយើងមានការប្រឈម នឹងការលំបាកយ៉ាងឆាប់រហ័ស ដោយសារតែ ឆន្ទៈល្អរបស់អាជ្ញាធរមូលដ្ឋានតែម៉្យាង បង្ហាញថា វាពិតជាមិនគ្រប់គ្រាន់ទេ ក្នុងករណីដែលគ្មានវិមជ្ឈការពិតប្រាកដនោះ។ ការសម្រេចចិត្តសំខាន់ ដែលជះឥទ្ធិពលទៅលើភូមិ ឬសង្កាត់តូចតាចភាគច្រើន ត្រូវបានគេយកទៅឲ្យរដ្ឋាភិបាលកម្រិតខ្ពស់ ហើយបើសិន ជាមានការប្រឹក្សាតិចតួចទៀតនោះ វាដូចនៅក្នុងរឿងទារថ្លៃនៅផ្សារនោះអ៊ីចឹង។ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ស្រុកខណ្ឌ និងក្រុងត្រូវបានគេយកមកប្រើក្នុងឆ្នាំ ២០០៨ ហើយច្បាប់នេះបានផ្ដល់ឲ្យក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ នូវអាណត្តិទូទៅ ក្នុង​ការ​លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ នៅក្រោមអាណត្តិទាំងនេះ ក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់មានសិទ្ធិអនុវត្តមុខងារ ដោយមានសិទ្ធិអំណាចយ៉ាងពេញលេញ។ មុខងារទាំងអស់នេះ ត្រូវបានគេចាត់ទុកថាជា “អាចទទួលយកបាន” ដែលមានន័យថា អ្នកតំណាងក្នុងមូលដ្ឋាន អាចជ្រើសរើសបញ្ហាណា ដែលពួកគេចង់ដោះស្រាយ ផ្អែកលើអាទិភាពដែលពួកគេបានកំណត់ និងធនធានដែលមាន។ យ៉ាងណាមិញ វាមិនទាន់ច្បាស់ទេថា នេះពិតជាស្វ័យតភាពក្នុងមូលដ្ឋាន យ៉ាងពិតប្រាកដនោះ។ ចាប់ផ្តើមពីឆ្នាំ ២០១០ មក រដ្ឋាភិបាលបានដើរលើផ្លូវដ៏វែងឆ្ងាយ ក្នុងការបញ្ជាក់ពីបញ្ហានេះ និងបានរៀបចំកម្មវិធីព្រាងវិមជ្ឈការផ្សេងៗ ដែលត្រូវបានអនុវត្តដោយ គណៈកម្មាធិការជាតិ (អន្តរក្រសួង) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដែលទើបបង្កើតថ្មីឡើងមក។ (NCDD)

 

ដោយការប្រើប្រាស់ក្របខ័ណ្ឌនេះ API អាចសម្រេចគោលដៅរបស់ខ្លួនបានកាន់តែប្រសើរ ដោយអនុវត្តគម្រោងនានា ដែលមានមហិច្ឆិតា សំដៅពង្រឹងសមត្ថភាពប្រព័ន្ធឲ្យកាន់តែប្រសើរ សម្រាប់ទាំងមន្រ្តីមូលដ្ឋាន និងសង្គមស៊ីវិល។ នៅចន្លោះឆ្នាំ ២០១១ និង ២០១៣ ការផ្តួចផ្តើមសំខាន់មួយ ត្រូវបានកំណត់គោលដៅ ជាឧទាហរណ៍ ក្រុមប្រឹក្សាស្រុក និងអង្គការសហគមន៍ នៅតាមស្រុកតែមួយ ដោយមានការគាំទ្រពី DanChurchAid និង Bread for the World/EED។ ការផ្ដួចផ្ដើមមួយផ្សេងទៀត ដែលត្រូវបានផ្តល់មូលនិធិដោយ ធនាគារពិភពលោក និងមូលនិធិអាស៊ី ដែលផ្តោតលើ ការិយាល័យច្រកចេញចូលតែមួយ ដែលទើបនឹងបង្កើតឡើងថ្មី ឆ្លើយតបទៅនឹងមតិយោបល់ ដែលផ្តល់ដោយសាធារណជនទូទៅ និងអាជីវកម្មខ្នាតតូច ដែលប្រើប្រាស់សេវាកម្មសាធារណៈទាំងនេះ។ របាយការណ៍របស់យើងស្តីពីគម្រោងទាំងនេះ អាចទាញយកបាននៅទីនេះនិងនៅទីនេះ។ ទន្ទឹមនឹងនេះដែរ យើងបានរក្សានូវកិច្ចខិតខំប្រឹងប្រែងបញ្ចុះបញ្ចូលរបស់យើង ដោយជម្រុញឲ្យមានវិមជ្ឈការសំខាន់ៗ ឲ្យកាន់តែច្រើន។

ការឆ្ពោះទៅកាន់ស្វយ័តភាពដែលពិតប្រាកដ

ជាលទ្ធផល នៅឆ្នាំ ២០១៥ ក្រសួងជាច្រើនបានចាប់ផ្តើមបោះជំហានបន្ថែមទៀត យ៉ាងក្លាហាន ក្នុងការផ្ទេរ និងតំណាងឲ្យមុខងារក្នុងការផ្ដល់សេវាសំខាន់ៗ ទៅកាន់ស្រុក និងក្រុង។ ប៉ុន្តែ ដំណើរការក្នុងការផ្ទេរនេះ មានភាពលំបាក និងយឺតយ៉ាវ។ ដំបូង មុខងារដែលបានផ្ទេរមក មិនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពឡើយ ពីព្រោះអាជ្ញាធរមូលដ្ឋាន ខ្វះធនធានហិរញ្ញវត្ថុ និងធនធានមនុស្ស ដែលចាំបាច់ដើម្បីបំពេញតួនាទីថ្មីរបស់ខ្លួន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវតែបង្កើតយន្តការផ្តល់ជំនួយមានលក្ខខណ្ឌ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ (ឧទាហរណ៍ មូលនិធិសម្រាប់ការគ្រប់គ្រងកាកសំណល់រឹង ជាដើម) ខណៈដែល ក្រសួងមុខងារសាធារណៈ ត្រូវបង្កើតលក្ខន្តិកៈដាច់ដោយឡែក សម្រាប់បុគ្គលិកវិមជ្ឈការ ដែលត្រូវបានអនុម័តដោយ NCDDក្នុងឆ្នាំ ២០១៦ ។

 

រដ្ឋាភិបាលក៏បានព្យាយាមធ្វើប្រតិបតិ្តការនូវ “មូលនិធិវិនិយោគថ្នាក់ក្រោមជាតិ” និងផ្តល់អំណាច ដល់អាជ្ញាធរមូលដ្ឋាន ក្នុងការបង្កើនមូលនិធិតាមតម្រូវការ ដោយកំណត់អត្តសញ្ញាណ នៃប្រភពចំណូលក្នុងស្រុក។ លើសពីនេះទៅទៀត “គោលនយោបាយផែនការថ្នាក់ក្រោមជាតិ” ត្រូវបានព្រាងឡើង ហើយគាំទ្រដោយ “គោលការណ៍ណែនាំផែនការកែលម្អ” និងចង្អុលបង្ហាញ ពីតម្រូវការ និងយន្តការនានា សម្រាប់ធានាដល់ការធ្វើផែនការ និងថវិការួមបញ្ចូលគ្នា នៅថ្នាក់រាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងឃុំសង្កាត់។ ក្នុងពេលឥឡូវនេះ ក្រុមប្រឹក្សាមូលដ្ឋាន ត្រូវបានគេតម្រូវឲ្យបង្កើតផែនការអភិវឌ្ឍ ៥ ឆ្នាំ ដោយផ្អែកលើមូលដ្ឋាន ដែលពួកគេត្រូវបានគេរំពឹងថា នឹងបង្កើតកម្មវិធីវិនិយោគបន្ដទៅមុខ ៣ ឆ្នាំតគ្នា ដែលនឹងក្លាយទៅជាក្របខ័ណ្ឌ សម្រាប់ការរៀបចំផែនការថវិកាប្រចាំឆ្នាំ។

 

ខណៈពេលដែល API គាំទ្រ និងលើកទឹកចិត្តដល់កំណែទម្រង់ទាំងនេះ ពួកយើងក៏បានកត់សម្គាល់ឃើញថា បញ្ហាប្រឈមនៅតែមាន។ បញ្ហាទំនាក់ទំនងឋានានុក្រម (ខ្សែ) នៅតែមានបន្ត ក្នុងរដ្ឋបាលសាធារណៈ កង្វះខាតថវិកា និងបុគ្គលិក ក្នុងការឆ្លើយតបនឹងតម្រូវការ ហើយលើសពីនេះទៅទៀតគឺ កង្វះសមត្ថភាព ដែលបន្តបង្កការលំបាកដ៏ធ្ងន់ធ្ងរ ក្នុងការធ្វើសេចក្តីព្រាង និងអនុវត្តផែនការអភិវឌ្ឍប្រកបដោយមហិច្ឆតានេះ។ គម្រោងរបស់យើងមានឈ្មោះថា “ការពង្រឹងអភិបាលកិច្ចប្រជាធិបតេយ្យ” (២០១៤-២០១៦) បានព្យាយាមដោះស្រាយបញ្ហាទាំងនេះ ដោយក្នុងពេលតែមួយ បានសង្កត់ធ្ងន់ទៅលើតម្រូវការ សម្រាប់ការចូលរួមពិតប្រាកដ ដោយដាក់ឲ្យមានក្រុមប្រជាពលរដ្ឋចម្រុះគ្នា រួមមានស្ត្រី និងក្រុមងាយរងគ្រោះជាដើម។ របាយការណ៍របស់យើងមាននៅទីនេះ

តម្រូវការគណនេយ្យភាពសង្គម

កំណែទម្រង់វិមជ្ឈការ ដែលបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាល ទោះបីជាមិនទាន់មានលក្ខណៈពេញលេញក៏ដោយ ក៏បានដាក់ចេញនូវមូលដ្ឋានគ្រឹះ សម្រាប់វិធីសាស្រ្តពោរពេញដោយចំណេះដឹងបន្ថែមទៀត ចំពោះប្រធានបទ នៃការចូលរួមប្រជាធិបតេយ្យក្នុងមូលដ្ឋាន។ ម៉្យាងវិញទៀត វិសហម្ឈការលើសេវាសាធារណៈ បាននឹងកំពុងដើរតួនាទីកាន់តែច្រើនឡើងថែមទៀត។ លើសពីនេះទៅទៀត អាជ្ញាធរមូលដ្ឋាន ត្រូវបានគេប្រគល់ឲ្យនូវសកម្មភាពជាអង្គហេតុ ជាក់លាក់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ខណៈពេលដែលភាពជាដៃគូរវាងរដ្ឋបាល វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល ត្រូវបានលើកកម្ពស់ដើម្បីសម្រេចបាននូវគោលដៅទាំងនេះ។ នៅទីបំផុត ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាក៏បានក្លាយជាផ្នែកមួយនៃរបៀបវារៈកំណែទម្រង់ជាផ្លូវការ ដែលគាំទ្រដោយអន្តរជាតិ  ដែលត្រូវបានគេស្គាល់ថា “ការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម ហៅកាត់ថា I-SAF” ។ កិច្ចខិតខំប្រឹងប្រែងនេះ ត្រូវបានសន្មត់យកដោយរដ្ឋាភិបាល ហើយវាទាមទារឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយសង្គមស៊ីវិល ដើម្បីឲ្យមានការត្រួតពិនិត្យ និងវាយតម្លៃ ការបំពេញការងារ របស់អ្នកផ្តល់សេវាសាធារណៈ និងអាជ្ញាធរមូលដ្ឋាន ដោយប្រជាពលរដ្ឋជានិច្ច។ ជាទូទៅ គេអាចនិយាយបានថា វិធីសាស្រ្តថ្មីនេះ សង្កត់ធ្ងន់ទៅលើការចូលរួមរបស់ស្ថាប័ន បានកាន់តែទូលំទូលាយ ដោយមានអ្នកពាក់ព័ន្ធជាច្រើន មកពីសងខាង និងទំនាក់ទំនងដ៏ស្មុគស្មាញរបស់ពួកគេ។

API បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ I-SAF ជាមួយគម្រោងទីមួយ នៅខេត្តកំពត (២០១៦-២០១៨) ។ ការចូលរួមដំបូងនេះ ជាការប៉ុនប៉ងផ្តល់ជូនប្រជាពលរដ្ឋ និងអង្គការសហគមន៍ នូវឱកាសពិត ដើម្បីបង្ហាញពីទស្សនៈរបស់ពួកគេ អំពីសេវាសាធារណៈ ដែលផ្តល់ដោយមណ្ឌលសុខភាព សាលាបឋមសិក្សា និងរដ្ឋបាលឃុំសង្កាត់ ហើយបន្តដោយការផ្ដល់មតិយោបល់លើរឿងនេះ។ ឧទាហរណ៍ នៅភូមបន្ទាយមាសខាងលិច អ្នកភូមិធ្លាប់មានអារម្មណ៍រសាប់រសល់ ចំពោះមណ្ឌលសុខភាពរបស់ពួកគេ បើយោងតាម អ្នកមីង ចាន់យ៉ុង ដែលមានអាយុជាង ៥០ ឆ្នាំហើយនោះ បាននិយាយថា “បើអង្គុយចាំនៅទីនេះ ដើម្បីឲ្យមានគេមកសួរនោះ ត្រូវចំណាយពេលរាប់ម៉ោងឯណោះ” ។ ទោះជាយ៉ាងណាក៏ដោយ ការជជែកវែកញែក ដែលត្រូវបង្កើតឡើងពីចំណាត់ថ្នាក់មិនល្អ ដែលសេវាកម្មទាំងនេះទទួលបាននោះ ហាក់ដូចជាធ្វើឲ្យមានការផ្លាស់ប្តូរដ៏ពិតប្រាកដមួយ។ ពេលគម្រោងរបស់យើងត្រូវបានបញ្ចប់ អ្នកមីង ចាន់យ៉ុង បានលើកឡើងថា “ឃើញមានការកែលម្អច្រើន ជាពិសេសការយកចិត្តទុកដាក់ ការឆ្លើយតបឆាប់រហ័ស ពីសំណាក់បុគ្គលិកកាន់តែច្រើន ហើយបង្គន់ក៏ស្អាតជាងមុនដែរ” ។ ជាការពិតណាស់ ប្រធានមណ្ឌលសុខភាពនោះ ក៏បានបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានទៅមណ្ឌលសុខភាពញឹកញាប់ជាងមុន នៅពេលដែលពួកគេជឿជាក់ ថាសំឡេង មតិរបស់ពួកគេត្រូវបានគេយកមកពិចារណា។ របាយការណ៍លម្អិត ស្តីពីគំនិតផ្តួចផ្តើម I-SAF ដំបូងនេះ អាចរកបាននៅទីនេះ

ការចូលរួមសព្វថ្ងៃ

ផ្ទុយទៅនឹងប្រវត្តិ នៃការផ្លាស់ប្តូរនយោបាយ ដែលបានកើតឡើងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំ ត្រូវបានរំលាយនៅឆ្នាំ ២០១៧ មក API ត្រូវរៀបចំកម្មវិធីរបស់ខ្លួនឡើងវិញ។ នៅពេលដែលមន្រ្តីមូលដ្ឋានជាច្រើន ត្រូវបានគេជំនួស ហើយមានសំណួរ អំពីភាពស្របច្បាប់ជាមូលដ្ឋាន នៃលទ្ធិប្រជាធិបតេយ្យរបស់ពួកគេនៅក្នុងបរិបទថ្មីនេះ យើងបានសម្រេចចិត្ត ក្នុងការផ្តោតភាគច្រើន ទៅលើផ្នែកតម្រូវការនៃសង្គមវិញ ដោយផ្តល់ជូនប្រជាជនសាមញ្ញ និងអង្គការសង្គមស៊ីវិល នូវគ្រឿងឧបករណ៍ និងសមត្ថភាព ដែលពួកគេត្រូវការ ដើម្បីរក្សានូវការអនុវត្តក្នុងការគ្រប់គ្រង លើការអនុវត្តរបស់អាជ្ញាធរ។ ពួកយើងជឿជាក់យ៉ាងមុតមាំថា ការចូលរួមយ៉ាងសកម្ម នៅក្នុងដំណើរការធ្វើការសម្រេចចិត្តក្នុងមូលដ្ឋាន កាន់តែមានសារៈសំខាន់ឡើង ព្រោះថា ក្នុងករណីដែលគ្មានគូប្រជែងនយោបាយពិតប្រាកដបែបនេះនោះ វាគឺជាមធ្យោបាយតែមួយគត់ ដើម្បីធ្វើឲ្យមន្ត្រីរាជការ មានគណនេយ្យភាព។

 

ហេតុដូច្នេះហើយ បានជា API បានខិតខំប្រឹងប្រែងដោយនិរន្តរភាព ដើម្បីធ្វើឲ្យបទដ្ឋាននៃការចូលរួមស៊ីវិល កាន់តែមានភាពទូលំទូលាយ នៅគ្រប់ទីកន្លែង ការទទួលយកបច្ចេកវិទ្យាដែលមានភាពច្នៃប្រឌិតថ្មី ដើម្បីលើកកម្ពស់គណនេយ្យភាពសង្គម ជាពិសេសផ្តោតលើសិទ្ធិ និងការទាមទាររបស់ស្ត្រី យុវជន និងក្រុមជនងាយរងគ្រោះ។ គម្រោងរបស់យើងភាគច្រើន ត្រូវបានគេផ្តោតលើផ្នែក ដែលមានបញ្ហានេះ ដែលស្ថិនៅក្នុង ឬនៅជិត របៀបវារៈកំណែទម្រង់ I-SAF ហើយពួកគេ កំពុងគ្របដណ្តប់ ស្ទើរតែគ្រប់ខេត្តទាំងអស់ នៅក្នុងប្រទេស។ អ្នកអាចស្វែងរកព័ត៌មានលម្អិតបន្ថែម អំពីការងារបច្ចុប្បន្នរបស់យើងនៅទីនេះ(link to recent and current projects pop-up)។ នៅចុងបញ្ចប់ អ្វីដែលយើងកំពុងដាក់គោលដៅធ្វើនោះ គឺគ្មានអ្វីក្រៅពី ការបង្កើតទម្លាប់បែបប្រជាធិបតេយ្យមូលដ្ឋាន នៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជានោះទេ។