សេចក្តីថ្លែងការណ៍ស្ដីពីទិវានារីអន្តរជាតិ

| 8-ខែ​មីនា-2021
ថ្ងៃនេះ យើងទាំងអស់គ្នាកំពុងប្រារព្វទិវានារីអន្តរជាតិ ដែលជាថ្ងៃដ៏រីករាយ និងមានមោទកភាព ក៏ប៉ុន្តែវាក៏ជាថ្ងៃនៃការតស៊ូផងដែរ។ សិទ្ធិរបស់ស្ត្រីគឺជាអាទិភាពមួយនៃអាទិភាពយុទ្ធសាស្រ្តរបស់យើង នៅក្នុងវដ្តផែនការបច្ចុប្បន្ន ហើយការតស៊ូមតិដើម្បីសិទ្ធិរបស់ស្ត្រីក៏ជាធាតុដ៏សំខាន់នៃកម្មវិធីរបស់យើងផងដែរ។ ការកសាងសមត្ថភាពរបស់ស្ត្រីក្នុងការបញ្ចេញទស្សនៈរបស់ពួកគេ និងធ្វើការតបតបែបបញ្ចុះបញ្ចូលសម្រាប់គំនិតមតិរបស់ខ្លួន គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង។ គម្រោងភាគច្រើនរបស់យើងផ្តោតសំខាន់ទៅលើការយល់ដឹងអំពីសិទ្ធិរបស់ស្ត្រី ដែលមានអត្ថន័យជាងមុន ដោយផ្តោតលើក្រុមផ្សេងៗគ្នា ជាពិសេសក្រុមស្ត្រីដែលងាយរងគ្រោះ។ សប្តាហ៍នេះ យើងនឹងពិភាក្សាជាមួយក្រុមស្ត្រីអំពីខ្លួនគាត់ ដែលយើងនឹងពិនិត្យទៅលើបញ្ហា និងការប្រឈមនានា ដែលស្ត្រីជួបប្រទះនៅក្នុងសង្គមយើង ហើយនឹងបង្ហាញពីសកម្មភាពរបស់ពួកយើង ដែលធ្វើឡើងផ្តោតជាពិសេសដល់ពួកគេ។ សូមអានសេចក្តីថ្លែងការណ៍ពេញលេញនៅទីនេះ និងតាមដានយុទ្ធនាការរបស់យើងនៅថ្ងៃបន្តបន្ទាប់ទៀត។

តាងនាមឲ្យ API យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកតំណាងជាស្ត្រីទាំងអស់មកពីដៃគូអភិវឌ្ឍន៍អន្តរជាតិ ស្ថាប័នរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្នុងតំបន់។ បើគ្មានការធ្វើការងារឥតឈប់ឈរ និងកិច្ចសហប្រតិបត្តិការដ៏មានតម្លៃរបស់ពួកគេទេនោះ គ្មានគម្រោងណាមួយរបស់យើងអាចធ្វើទៅបាននោះឡើយ។ រីឯពាក្យថ្លែងអំណរគុណជាពិសេសនោះ គឺជូនចំពោះស្ត្រីជាអ្នកស្ម័គ្រចិត្ត និងអ្នកសម្របសម្រួលសហគមន៍របស់យើង ដែលមានការប្តេជ្ញា និងតាំងចិត្តខ្ពស់។ ពួកយើងសូមជូនពរឲ្យអ្នក ស្ត្រីទាំងអស់នៅក្នុងប្រទេសកម្ពុជា និងទូទាំងពិភពលោកទទួលបាននូវអំណររីករាយ ប្រកបដោយផ្លែផ្កា និងលាភាក្នុងទិវានារីអន្តរជាតិនេះ!