សិក្ខាសាលាសម្រាប់អ្នកអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម

| 18-ខែ​ឧសភា-2021

តំណាងអង្គការក្រៅរដ្ឋាភិបាលជាង ១០០ ស្ថាប័នបានចូលរួមសិក្ខាសាលាតម្រង់ទិសអនឡាញពេញមួយថ្ងៃ ដែលនិយាយអំពីគោលការណ៍ណែនាំប្រតិបតិ្តការផ្នែកតម្រូវការរបស់ I-SAF នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ សិក្ខាសាលានេះក៏មានការចូលរួមពីសំណាក់ក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) ផងដែរ។ ខណៈដែលគោលដៅសំខាន់នៃព្រឹត្តិការណ៍នេះ គឺដើម្បីជួយដល់អ្នកអនុវត្ត I-SAF ឲ្យការយល់ដឹងរបស់ពួកគេកាន់តែស៊ីជម្រៅក្នុងគោលការណ៍សំខាន់ៗ និងបទដ្ឋានជាអប្បបរមាដែលមាននៅក្នុងគោលការណ៍ណែនាំប្រតិបត្តិការនោះ។ API បានផ្តោតជាចម្បងលើប្រធានបទស្ដីពីបរិយាប័ន្នសង្គម ដែលជាធាតុមួយនៃធាតុស្នូលថ្មីក្នុងឆ្នាំ ២០២០ ក្នុងភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោក អង្គការ APIបានដើរតួនាទីនាំមុខគេក្នុងការធ្វើបច្ចុប្បន្នភាពគោលការណ៍ណែនាំទាំងនេះ សម្រាប់ដំណាក់កាលទី ២ (នាពេលបច្ចុប្បន្ន) នៃI-SAF ។ នៅក្នុងបរិបទនេះ ការប្រជុំបច្ចេកទេស និងព្រឹត្តិការណ៍សាធារណៈជាច្រើនត្រូវបានរៀបចំឡើងដើម្បីពិភាក្សាពីការអនុវត្តល្អៗ និងការស្នើធ្វើឲ្យប្រសើរឡើងពីរបៀបដែលក្របខណ្ឌគណនេយ្យភាពសង្គមត្រូវបានយកទៅអនុវត្ត។


ការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (I-SAF) គឺជាកម្មវិធីកំណែទម្រង់ប្រកបដោយមហិច្ឆតា ដែលត្រូវបានសន្មត់យកដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍អន្តរជាតិដូចជា ធនាគារពិភពលោក, CARE, អង្គការទស្សនៈពិភពលោក, FHI360និងអង្គការដទៃជាច្រើនទៀត។ API គឺជាអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកដ៏ធំមួយ ដែលកំពុងអនុវត្តI-SAF តាមរយៈគម្រោងមួយចំនួន ដែលមានមួយផ្តោតលើប្រធានបទនិយាយអំពីបរិយាប័ន្នពិការភាពជាពិសេស ដោយមានការគាំទ្រសប្បុរសធម៌ពីទីភ្នាក់ងារជំនួយ Voice ដែលដំណើរការនៅក្នុងប្រទេសកម្ពុជាដោយអង្គការអុកស្វាម។ គោលដៅសំខាន់សម្រាប់គម្រោងនេះ គឺធ្វើឲ្យរដ្ឋបាលសាធារណៈនៅថ្នាក់មូលដ្ឋានមានតម្លាភាព និងគណនេយ្យភាព ចំពោះប្រជាពលរដ្ឋក្នុងនាមជាម្ចាស់សិទ្ធិ។ ទន្ទឹមនឹងនេះការផ្តល់សេវាសាធារណៈដូចជា ការអប់រំ ឬការថែទាំសុខភាព គួរតែត្រូវបានរៀបចំឡើងតាមរបៀប ដែលអាចឆ្លើយតបតម្រូវការជាក់ស្តែងរបស់សាធារណៈជន និងត្រងត្រាប់យកយោបល់របស់ពួកគេមកពិចារណាបាន។ ពលរដ្ឋទាំងអស់មានសិទ្ធិចូលរួមក្នុងដំណើរការនេះ ជាពិសេស វាជាការសំខាន់ណាស់ ដែលក្រុមជនងាយរងគ្រោះ (ជនមានពិការភាព ពលរដ្ឋមានប្រាក់ចំណូលទាប ឬជនជាតិដើមភាគតិចជាដើម) ទទួលបានឱកាសដ៏ពិតប្រាកដក្នុងលើកឡើងពីសំឡេង និងបញ្ចេញមតិរបស់ខ្លួនលើវិធីដែលសេវាកម្មទាំងនេះត្រូវបានផ្តល់ជូន និងកន្លែងដែលមានបញ្ហាចោទកើតឡើង។