ការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យមូលដ្ឋាន

នៅ API យើងតែងតែលើកទឹកចិត្តប្រជាពលរដ្ឋ ឲ្យចូលរួមយ៉ាងសកម្មក្នុងដំណើរការនៃការសម្រេចចិត្ត និងធ្វើឲ្យរដ្ឋាភិបាលមានគណនេយ្យភាពបាន។ ករណីពិសេស គឺជាមួយអាជ្ញាធរក្នុងមូលដ្ឋាន និងអ្នកផ្តល់សេវាកម្ម ពីព្រោះ ពួកគេទាំងនេះតំណាងឲ្យកម្រិតនៃរដ្ឋបាលសាធារណៈ ដែលនៅជិតបំផុតជាមួយប្រជាពលរដ្ឋ។ ជាទូទៅ យើងក៏ធ្វើការតស៊ូមតិដើម្បីវិមជ្ឈការ និងវិសហមជ្ឈការផងដែរ ដែលនោះជាការបញ្ជូនមុខងារពិតប្រាដករបស់រដ្ឋាភិបាល ទៅឲ្យថ្នាក់មូលដ្ឋានវិញ។ ដំណើរការនេះគឺជាគន្លឹះ ក្នុងការធ្វើឲ្យការចូលរួមក្នុងលទ្ធិប្រជាធិបតេយ្យ ក្លាយទៅជាផ្នែកមួយនៅក្នុងជិវិតប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋកម្ពុជា ព្រោះវាសមហេតុផលដែរ ដែលការជជែកវែកញែកមាននៅក្នុងតំបន់នឹងមិនមានប្រសិទ្ធភាពទេ បើអ្នកសម្រេចចិត្តមិនមែននៅក្នុងតំបន់នេះផងនោះ។

យើងចាប់ផ្តើមនៅពីមូលដ្ឋានមក

នៅក្នុងបរិបទនយោបាយថ្មី API ផ្តោតចំបងទៅលើ ម្ចាស់សិទ្ធិ និងដោយប្រយោលចំពោះអ្នកមានកាតព្វកិច្ច។ នេះគឺជា វិធីសាស្ត្រ ផ្អែកលើតម្រូវការ ដែលចង់ឲ្យមាន នូវការកើនឡើងចំពោះឥទ្ធិពលនៃការចូលរួម៖ សហគមន៍ខ្លួនឯងផ្ទាល់នឹងកាន់តែមានឥទ្ធិពល ក្នុងការសម្រេចចិត្តរបស់អាជ្ញាធរមូលដ្ឋាន ហើយត្រឡប់មកវិញ យើងបាននូវការគាំទ្របន្ថែម ពីថ្នាក់រដ្ឋាភិបាលជាន់ខ្ពស់។

 

ពួកយើងក៏ព្យាយាមដើម្បីពង្រឹង ដំណើរការក្នុងការសម្រេចចិត្តរួម នៅរាល់ទីកន្លែង និងយន្តការណាដែលផ្ដល់ឱកាស ប្រជាពលរដ្ឋមានការចូលរួមយ៉ាងសកម្ម និងមានអត្ថន័យផងដែរ។ យើងចង់ធ្វើឲ្យប្រាកដថា សំឡេងរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមជនដែលងាយរងគ្រោះ ទាំងអស់ ត្រូវបានគេដឹងឮ។ តម្រូវការ និងក្តីកង្វល់របស់ពួកគេគួរតែត្រូវបានលើកយកមកដោះស្រាយដោយស្ថាប័នរដ្ឋាភិបាល និងអ្នកតំណាងរបស់ពួកគេ។ តម្រូវការរបស់ពួកគេចំពោះគណនេយ្យភាព និងការឆ្លើយតបឆាប់រហ័ស គួរតែត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់។ ដូច្នេះ យើងអាចផ្សព្វផ្សាយវប្បធម៌នៃការសន្ទនាក្នុងមូលដ្ឋានមួយ ភាពច្បាស់លាស់ ការយល់ដឹង និងការគោរពគ្នាទៅវិញទៅមក ដែលផ្តល់ផលត្រលប់មកវិញ នូវការបម្រើគោលបំណងនៃលទ្ធិប្រជាធិបតេយ្យយូរអង្វែង និងការអភិវឌ្ឍសង្គមនៃប្រទេសរបស់យើង។

ជំនាញ និងភាពជាដៃគូ

វិធីសាស្ត្រនេះ គឺស្ទើរតែមិនអាចបំបែកចេញពីគ្នាបាន ពីតម្រូវការដើម្បីអភិវឌ្ឍសមត្ថភាពទាំងប្រជាជន និងអង្គការសហគមន៍ ក្រុមក្នុងផ្លូវការ និងក្រុមក្រៅផ្លូវការ ហើយដោយដូច្នេះ វាសាកសម នឹងគោលបំណងដែលយើងមានចំពោះការផ្តល់អំណាចដើម្បីការតស៊ូមតិ និងការពង្រឹងសង្គមស៊ីវិលជាទូទៅតែម្ដង។ នេះក៏ព្រោះតែប្រជាពលរដ្ឋត្រូវការជំនាញច្បាស់លាស់មួយ ដើម្បីត្រួតពិនិត្យយ៉ាងមានប្រសិទ្ធភាព និងការចូលរួមចំណែកដ៏មានអត្ថន័យ ក្នុងការជជែកវែកញែកអំពីក្ដីបារម្ភនៃបញ្ហាក្នុងមូលដ្ឋាន។ ដោយការអភិវឌ្ឍសមត្ថភាពស្ថាប័ននៃអង្គការសហគមន៍ គេអាចទទួលបានការចូលរួមមួយក្នុងកម្រិតខ្ពស់ ដោយបានទាំងភ្នាក់ងារសំខាន់នៃការផ្លាស់ប្ដូរ និងទាំងសម្រាប់ក្រុមដែលមានចំណូលទាប និងក្រុមជនងាយរងគ្រោះផងដែរ។

 

ការចូលប្រាស្រ័យទាក់ទងយ៉ាងខ្ជាប់ខ្ជួនរបស់យើង ក្នុងការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម គឺមានសារៈប្រយោជន៍ពិសេសដូចជា៖ ក្លាយជាពលរដ្ឋប្រកបដោយការច្នៃប្រឌិត ដែលអាចផ្ដួចផ្ដើមការត្រួតពិនិត្យ នៅតាមទីក្រុង និងតាមទីជនបទផងដែរ ដែលយើងកំពុងតែព្យាយាមធ្វើឲ្យការចូលរួមកាន់តែមានភាពសំខាន់ និងមានការរាប់បញ្ចូលគ្នាកាន់តែច្រើនឡើង។ ម្យ៉ាងវិញទៀត ជាមួយគ្នានឹងអង្គការសង្គមស៊ីវិល វិស័យឯកជន រដ្ឋាភិបាល និងដៃគូការអភិវឌ្ឍអន្តរជាតិ យើងបន្តផ្តោតលើការពង្រឹង ភាពជាដៃគូនៃអ្នកដែលពាក់ព័ន្ធជាច្រើន ដើម្បីបង្កើតបរិយាកាស ដែលអំណោយផលមួយ សម្រាប់គំនិតផ្តួចផ្តើមទាំងអស់។ API សង្ឃឹមថា សកម្មភាពទាំងនេះ នឹងជួយឲ្យរដ្ឋាភិបាលយល់កាន់តែច្បាស់នូវតម្រូវការ និងការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យមានតួអង្គបន្ថែម ក្នុងការលើកយកមកដោះស្រាយបញ្ហាក្នុងសហគមន៍។ លទ្ធផលមួយចំនួនដែលយើងបានទទួលសមិទ្ធផលរួចមកហើយនោះ គឺត្រូវបានបង្ហាញនៅក្នុងរឿងមួយក្នុងចំណោមរឿងអំពីឥទ្ធិពលដែលយើងមាន។

យុទ្ធសាស្រ្តរបស់យើង

ជាការឆ្លើយតបនឹង ការប្រឈមនៃលំហរលទ្ធិប្រជាធិបតេយ្យ បូករួមនឹងបញ្ហាចាស់ៗ ដូចជា ភាពអសកម្មរបស់ប្រជាពលរដ្ឋ និងកម្សោយគណនេយ្យភាពរបស់ រដ្ឋាភិបាលទៀតនោះ API នឹងជំរុញបន្ថែមដោយ៖

  • ការពង្រឹងនូវសមត្ថភាពរបស់អ្នកតំណាងប្រជាពលរដ្ឋ និងអង្គការសហគមន៍ ដោយជួយពួកគេក្នុងការចូលរួមជានិរន្តក្នុងការអភិបាលកិច្ចមូលដ្ឋាន។
  • លើកកម្ពស់ភាពជាដៃគូ និងការពិភាក្សារវាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ក្នុងការឆ្លើយតបទៅនឹងអាទិភាព និងតម្រូវការរបស់ប្រជាពលរដ្ឋ។
  • ធ្វើឲ្យប្រជាពលរដ្ឋ អាចត្រួតពិនិត្យបានប្រសើរ ក្នុងការផ្ដល់សេវាកម្មសាធារណៈ ការអភិវឌ្ឍផែនការរដ្ឋាភិបាល និងថវិកា ជាមួយនឹងក្របខណ្ឌគណនេយ្យភាពសង្គម (I-SAF) និងរឿងផ្សេងៗលើសពីនេះទៀត។
  • ផ្តោតទៅលើយុវជន ស្ត្រី និងក្រុមងាយរងគ្រោះ និងជួយពួកគេក្នុងការទាមទារនូវ អាជ្ញាធររដ្ឋាភិបាលដែលមានការឆ្លើយតបលឿនជាងមុន រួមទាំងការសម្រេចចិត្ដដែលរាប់បញ្ចូលទាំងអស់គ្នា និងសកម្មភាពពិតប្រាកដ ដែលចង់ធ្វើឲ្យសេវាកម្មសាធារណៈនៅថ្នាក់ក្រោមជាតិ មានភាពល្អប្រសើរឡើង។
  • ការធ្វើការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពនៃការឆ្លើយតបរបស់ពួកគេចំពោះតម្រូវការបស់ប្រជាពលរដ្ឋ និងការផ្តល់នូវកន្លែងមានអត្ថន័យសម្រាប់ការចូលរួមក្នុងគម្រោងមូលដ្ឋាន ការធ្វើថវិកា ក៏ដូចជាការអនុវត្តគម្រោងការអភិវឌ្ឍក្នុងមូលដ្ឋានផងដែរ។