ការជម្រុញរបស់យើងក្នុងការទទួលបានព័ត៌មាន

នរណាម្នាក់ ដែលធ្លាប់ព្យាយាមចង់បានឯកសារ ឬអាជ្ញាប័ណ្ណផ្លូវការ ចង់បើកក្រុមហ៊ុន ធ្វើការលើគម្រោងស្រាវជ្រាវ ឬគ្រាន់តែចង់ជៀសវាងការគិតប្រាក់កម្រៃហួសកម្រិតនោះ សុទ្ធសឹងតែអាចជាធ្វើជាសាក្សីបានថាការទទួលបានព័ត៌មានពិតជាសំខាន់ និងគួរឲ្យទុកចិត្តបានប៉ុណ្ណានោះ។ នៅ API យើងតែងតែចាត់ទុកការទទួលបានព័ត៌មានជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងរបស់យើង ហើយក៏ធ្វើការតស៊ូមតិសម្រាប់ច្បាប់ទាក់ទងនឹងសិទ្ធិជាមូលដ្ឋាននេះ ក៏ដូចជាសម្រាប់ស្ថាប័នសាធារណៈ ដែលគោរពតាមវាផងដែរ។

មិនថាតែនៅក្នុងសង្គមទេ ជាទូទៅ ការទទួលបានព័ត៌មានសាធារណៈ មានឥទ្ធិពលយ៉ាងទូលំទូលាយ សម្រាប់របៀបធ្វើការនៅក្នុងវិស័យសេដ្ឋកិច្ច នយោបាយ រដ្ឋបាល សុខភាព និងការអប់រំ ក៏ដូចជានៅក្នុងវិស័យជាច្រើនទៀត ដែលបានជះឥទ្ធិពលដោយផ្ទាល់ ដល់ជីវិតរស់នៅប្រចាំថ្ងៃ។ វប្បធម៌នៃតម្លាភាព លើកទឹកចិត្តឲ្យពលរដ្ឋចូលរួមយ៉ាងសកម្មក្នុងការសម្រេចចិត្ត ស្របពេលជាមួយគ្នានោះ វាអនុញ្ញាតឲ្យពួកគេ ធ្វើការជ្រើសរើសតាមចិត្តបុគ្គលបានថែមទៀត។ ម្យ៉ាងវិញទៀត ការសម្ងាត់ តែងតែលាក់បាំង ការរំលោភបំពាន ហើយវាបានរារាំង ដល់ការប៉ុនប៉ងស្របច្បាប់របស់មនុស្ស ក្នុងការរៀបចំផែនការ សម្រាប់អនាគតរបស់ពួកគេ និងការធ្វើឲ្យអាជ្ញាធរមានគណនេយ្យភាព។

ប្រវត្តិទាក់ទងនឹងច្បាប់

រដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា គ្រាន់តែផ្តល់នូវសេចក្តីយោងជាក់លាក់មានកំណត់មួយ ចំពោះសិទ្ធិទទួលបានព័ត៌មាន ដែលប្រឆាំងនឹងស្ថាប័នសាធារណៈតែប៉ុណ្ណោះ។ មាត្រា ៤១ ទទួលស្គាល់ថា ពលរដ្ឋមានសេរីភាពក្នុងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពក្នុងការបោះពុម្ពផ្សាយ និងសេរីភាពក្នុងការប្រមូលផ្តុំ។ ដូច្នេះ សំណួរចោទសួរថា តើមាត្រានេះបានផ្តល់នូវការធានាយ៉ាងច្បាស់លាស់ និងរាប់បញ្ចូល នូវសិទ្ធិក្នុងការទទួលបានព័ត៌មាន នៅតែបើកចំហ ឬមួយក៏យ៉ាងណា។ អ្វីដែលសំខាន់បំផុតនោះ គឺវាមិនច្បាស់ទេថា អ្វីទៅជាពាក្យថា “សេរីភាពសារព័ត៌មាន” មពាក់ព័ន្ធនឹងអ្វីខ្លះទេនោះ ដូច្នេះ មានការជជែកដេញដោលគ្នាជាបន្តបន្ទាប់ថា តើសិទ្ធិជាក់លាក់ក្នុងការទទួលបានព័ត៌មាន គួរតែត្រូវបានណែនាំនៅក្នុងច្បាប់ ដើម្បីធានាថា ប្រជាជនអាចអនុវត្តវាបានយ៉ាងពេញលេញ នៅក្នុងទំនាក់ទំនងរបស់ពួកគេ ជាមួយស្ថាប័នសាធារណៈណាមួយ ឬសូម្បីតែជាមួយ អង្គភាពឯកជន ដើម្បីបន្តមុខងារសាធារណៈ ដែលគេបានបំពេញរួច ឬសកម្មភាពរបស់ពួកគេ ដែលជះឥទ្ធិពលសំខាន់ ដល់ប្រជាពលរដ្ឋនោះ។

 

ក្រៅពីរដ្ឋធម្មនុញ្ញ មានច្បាប់មួយចំនួនដែលមានបទប្បញ្ញត្តិមានកំណត់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន នៅក្នុងវិស័យ ឬស្ថាប័ន ដែលមានការពាក់ព័ន្ធមួយចំនួន។ ទោះបីជាយ៉ាងណាក៏ដោយ ជាថ្មីម្តងទៀត អ្វីៗនៅតែមិនច្បាស់ ដូចដែលវាគួរតែអាចនោះទេ ដូច្នេះ នៅក្នុងការអនុវត្តជាក់ស្តែង ទាំងការបកស្រាយ និងការអនុវត្តបទប្បញ្ញត្តិទាំងនេះ គឹមានភាពខុសគ្នា នៅពាសពេញផ្ទៃប្រទេស។ ដូច្នេះ ឧទាហរណ៍ថា ទោះបីជាមាត្រាច្បាប់ទាំងនេះ បញ្ជាក់ថាអាជ្ញាធរមួយចំនួន ចាំបាច់ត្រូវផ្សព្វផ្សាយព័ត៌មានមិនមែនការសម្ងាត់ ដល់សាធារណជនក៏ដោយ ក៏វាគ្មាននិយមន័យច្បាស់លាស់ នៃពាក្យ “ការសម្ងាត់” នេះដែរ ហើយក៏មិនមានការលើកឡើង អំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងមន្រ្តីណា ដែលមិនបញ្ចេញនូវព័ត៌មាន ដែលគេស្នើសុំនោះទេ។

ជំហររបស់យើង

នៅក្នុងការជជែកដេញដោលគ្នានេះ មានការឯកភាពគ្នាយ៉ាងទូលំទូលាយ ក្នុងចំណោមសង្គមស៊ីវិល ដោយផ្អែកលើអនុសាសន៍ របស់ស្ថាប័នអង្គការសហប្រជាជាតិ និងលើគោលបំណងអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ដែលមានការពាក់ព័ន្ធ ហើយកម្ពុជាបានទទួលស្គាល់។ រួមគ្នាជាមួយ អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិជាច្រើន ក៏ដូចជាអ្នកជំនាញផ្នែកច្បាប់ផងដែរនោះ API តែងតែជឿជាក់យ៉ាងមុតមាំលើភាពចាំបាច់ នៃការធ្វើឲ្យសិទ្ធិនៃការទទួលបានព័ត៌មាន មានភាពច្បាស់លាស់ និងបញ្ជាក់ពីផលប៉ះពាល់របស់វា នៅក្នុងក្របខ័ណ្ឌនៃច្បាប់ដាច់ដោយឡែកមួយ ដែលគួរតែបង្កើតឲ្យមានភាពច្បាស់លាស់សម្រាប់នីតិវិធី ក្នុងការស្នើសុំព័ត៌មានសាធារណៈ កំណត់ពេលវេលាផុតកំណត់ច្បាស់លាស់សម្រាប់អាជ្ញាធរ ដើម្បីឆ្លើយតបទៅនឹងសំណើទាំងអស់ ការកំណត់ជាក់លាក់នៅក្នុងសិទ្ធិនេះ ។ល។ រឿងទាំងអស់នេះ ត្រូវស្របតាមការអនុវត្តល្អៗ ដែលប្រទេសដទៃទៀតជាច្រើន បានអភិវឌ្ឍ និងអនុវត្តតាម ដូច្នេះ កម្ពុជាមិនត្រូវការវិធីសាស្រ្តច្នៃប្រឌិតខ្ពស់ សម្រាប់រឿងនេះទេ។ អ្វីដែលកម្ពុជាត្រូវការ គឺឆន្ទៈនយោបាយខ្លាំងជាងមុន ក្នុងការអនុម័ត ហើយជាលទ្ធផល គឺការអនុវត្តច្បាប់នេះ ថែមទាំង វប្បធម៌ចែករំលែកនៃតម្លាភាពយ៉ាងទូលំទូលាយដើម្បីគាំទ្រ ដល់ជំហាននៃស្ថាប័នទាំងនេះ។

ការរំឭកពីអតីតកាល

ក្នុងឆ្នាំ ២០០៤ រដ្ឋាភិបាលបានទទួលស្គាល់ជាផ្លូវការ ពីតម្រូវការនៃអត្ថបទច្បាប់ “ដើម្បីបង្កើតតម្លាភាព កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់ទំនុកចិត្តលើរដ្ឋាភិបាលពីសំណាក់ប្រជាជនកម្ពុជា”។ ក្នុងរយៈពេលបីឆ្នាំបន្ទាប់ពីនោះ API បានរៀបចំសិក្ខាសាលា និងសន្និសីទសាធារណៈ ដែលមានការចូលរួមពីមន្រ្តីរដ្ឋាភិបាល សមាជិកនៃសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាលក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាសាធារណជនទូទៅទៀតផង។ ផ្ទុយនឹងប្រវត្តិរឿងរ៉ាវខាងលើនេះ ក្រុមប្រឹក្សានៃគណៈរដ្ឋមន្រ្តី បានតម្រូវឲ្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច (MoNASRI) ធ្វើពង្រាងឯកសារគោលនយោបាយ ស្តីពីសិទ្ធិក្នុងការទទួលបានព័ត៌មាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការអនុម័តច្បាប់។ នៅទីបំផុត ឯកសារនេះត្រូវបានផលិតឡើង និងបោះពុម្ពផ្សាយនៅក្នុងឆ្នាំ ២០០៧។

ផ្ដើមពីឯកសារគោលនយោបាយ មកកាន់សេចក្ដីព្រាងដំបូង

បន្ទាប់ពីបានឃើញជំហានដំបូង ដ៏យឺតយ៉ាវ និងស្ញូញស្ញាញនោះមក API បានដើរលើមាគ៌ានៃការផ្តួចផ្តើមប្រកបដោយនិរន្តរភាព ក្នុងគោលបំណងដើម្បីដាក់សម្ពាធ ឲ្យវឌ្ឍនភាពសំខាន់ៗបន្ថែមទៀត លើផ្នែកតាក់តែងច្បាប់នេះ។ ដូច្នេះ តាមរយៈការអនុវត្តគម្រោង “គាំទ្រ ដល់ការពង្រឹងការទទួលបានព័ត៌មាននៅកម្ពុជា” (ឆ្នាំ ២០០៨-២០១២ ដែលឧបត្ថម្ភថវិកាដោយ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិដាណឺម៉ាក) យើងផ្តោតលើការលើកកម្ពស់ ក្នុងការចូលរួមដំណើរការ ជាសាធារណៈ ក្នងស្ថាប័នរដ្ឋ និងការជជែកដេញដោលក្នុងសភា តាមរយៈយុទ្ធនាការសម្របសម្រួល ដែលបានលើកទឹកចិត្ត រដ្ឋាភិបាល និងរដ្ឋសភាជាតិ ដើម្បីពន្លឿនដំណើរការនីតិប្បញ្ញត្តិ និងអភិវឌ្ឍវប្បធម៌នៃការបង្ហាញព័ត៌មាន ឲ្យបានជាអតិបរមា។ កិច្ចខិតខំប្រឹងប្រែងស្របគ្នា ដែលគាំទ្រដោយស្ថានទូតអង់គ្លេសនៅភ្នំពេញនេះ មានគោលបំណង ក្នុងការបង្កើតក្រុមបញ្ចុះបញ្ចូលសង្គមស៊ីវិលប្រកបដោយវិជ្ជាជីវៈ ដែលចូលរួមយ៉ាងសកម្មជាមួយរដ្ឋសភា ដោយជម្រុញឲ្យមាន ការអនុម័តច្បាប់ប្រឆាំងនឹងអំពើពុករលួយ និងច្បាប់ក្នុងការទទួលបានព័ត៌មាន។ ព័ត៌មានលំអិតមាននៅទីនេះ និងនៅទីនេះ.

 

ជាលទ្ធផល ក្រុមការងារសង្គមស៊ីវិល (FoIWG) ត្រូវបានបង្កើតឡើង ក្នុងគោលបំណង ដើម្បីវិភាគទាំងឯកសារគោលនយោបាយ និងឯកសារបន្តបន្ទាប់ ក៏ដូចជាដើម្បីផ្តល់អនុសាសន៍ ដល់មន្រ្តីក្នុងក្រសួង និងសមាជិកសភា។ ទន្ទឹមនឹងនេះដែរ គណបក្សប្រឆាំងមួយ ក្នុងចំណោមបក្សប្រឆាំង ដែលសកម្មនាពេលនោះ បានដាក់សំណើច្បាប់ផ្ទាល់ខ្លួន ស្តីពីការទទួលបានព័ត៌មាន ប៉ុន្តែ ការប៉ុនប៉ងនេះមិនទទួលបានជោគជ័យនោះទេ។ ទោះយ៉ាងណាក៏ដោយ នៅឆ្នាំ ២០១៣ ភារកិច្ចនៃការតាក់តែងអត្ថបទច្បាប់ ត្រូវបានផ្ទេរទៅក្រសួងព័ត៌មាន ដែលវាបានបង្ហាញថា មានការយល់ដឹងកាន់តែច្បាស់អំពីបញ្ហាដែលពាក់ព័ន្ធ។ ការផ្តួចផ្តើមថ្មីរបស់ API ដែលត្រូវបានផ្តល់មូលនិធិដោយ DanChurchAid (DCA) បានផ្តោតជាចម្បង លើការលើកកម្ពស់ការយល់ដឹង អំពីសារៈសំខាន់នៃការទទួលបានព័ត៌មាននៅថ្នាក់មូលដ្ឋាន ដោយបង្កើតកម្មវិធីសិក្សាបណ្តុះបណ្តាល ដែលផ្តោតលើក្រុមប្រឹក្សាឃុំសង្កាត់ និងអង្គការសហគមន៍។ សមា្ភរៈមួយចំនួន អាចរកបាននៅ[[handbooks|1|ទីនេះ]]ហើយរបាយការណ៍របស់យើង អាចទាញយកបាននៅទីនេះ

 

គម្រោងរបស់យើង ដែលហៅថា “ការពង្រឹងការទទួលបានព័ត៌មានសាធារណៈ” (IAPI ២០១៣ -២០១៥) គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ការបង្កើនតម្លាភាព សម្រាប់អាជ្ញាធរសាធារណៈ និងថ្នាក់ក្រោមជាតិ។ យើងចាត់ទុកបញ្ហានេះ មិនត្រឹមតែជាមូលដ្ឋានគ្រឹះនៃការចូលរួម និងគណនេយ្យភាព ប្រកបដោយប្រសិទ្ធភាព នៅក្នុងអភិបាលកិច្ចមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាមួយ ដែលចូលរួមដោយប្រយោល ដល់ការកាត់បន្ថយភាពក្រីក្រ និងសមធម៌ ក្នុងចំណោមក្រុមមនុស្សនានា ក្នុងសង្គមផងដែរ។ របាយការណ៍ចុងក្រោយនៃការផ្តួចផ្តើមដ៏សំខាន់នេះ ត្រូវបានគាំទ្រដោយ EU, DCA, Bread for the World ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ (SDC) និងវិទ្យាស្ថានសង្គមបើកទូលាយ (OSI) អាចអានបាននៅទីនេះ។ នៅឆ្នាំ ២០១៦ ទីបំផុត គណៈកម្មាធិការនៃក្រសួងព័ត៌មានបានចេញសេចក្តីព្រាងច្បាប់ដំបូង សម្រាប់អង្គការសង្គមស៊ីវិល ដើម្បីធ្វើការបញ្ចេញមតិយោបល់។ អត្ថបទនេះមាន ៩ ជំពូក និង ៣៦ មាត្រា ដែលមានគោលបំណង ក្នុងការធានាសិទ្ធិសាធារណៈ និងសេរីភាព ក្នុងការទទួលបានព័ត៌មាន ប៉ុន្តែ ការវិភាគ ឯករាជ្យភាគច្រើនបានបង្ហាញថា បទប្បញ្ញត្តិនេះស្របតាមស្តង់ដារអន្តរជាតិ តែផ្នែកខ្លះប៉ុណ្ណោះ។

ឆ្ពោះទៅកាន់ចក្ខុវិស័យដែលប្រសើរជាងមុន

នៅក្នុងការឈានទៅដល់ ការអនុម័តជាផ្លូវការ នៃសេចក្តីព្រាងចុងក្រោយសម្រាប់ច្បាប់នេះ គម្រោងមួយចំនួនរបស់ API បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកៀរគរការគាំទ្រ ការធានានូវចំនួននៃការចូលរួមយ៉ាងច្រើន របស់ក្រុម និងអង្គការនានា ការបង្កើតការប្រមូលផ្តុំគ្នា ការជជែកពិភាក្សាជាសាធារណៈជាច្រើនដង និងការតស៊ូមតិដើម្បីធ្វើឲ្យប្រសើរឡើង ក្នុងអត្ថបទច្បាប់។ ក្នុងចំណោមគម្រោងទាំងនេះ ដំបូងឡើយ យើងចង់និយាយពីការផ្តួចផ្តើម ដែលផ្តល់មូលនិធិដោយ អង្គការយូណេស្កូ និងទីភ្នាក់ងារអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការអន្តរជាតិស៊ុយអ៊ែត (SIDA) ដែលផ្តោតលើការបង្រួមគម្លាតរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ និងធ្វើឲ្យមានដំណើរ ក្នុងការចូលរួមបង្កើតច្បាប់។ ក្នុងអំឡុងពេលនេះ (២០១៤-២០១៨) API បានជួយពង្រឹងក្រុមការងារបច្ចេកទេស (ឥឡូវហៅថា A2IWG) ជាកន្លែងដែលសង្គមស៊ីវិល ផ្តល់យោបល់លើអត្ថបទ និងផ្តល់ព័ត៌មានថ្មីៗ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ពួកយើងក៏បានផ្តួចផ្តើមវេទិកាពិគ្រោះយោបល់មួយចំនួន ដែលមានអ្នកតំណាងមកពីខាងប្រព័ន្ធផ្សព្វផ្សាយ សិទ្ធិមនុស្ស សុខភាព ការអប់រំ យុវជន ឬអង្គការស្ត្រី ដែលបានពិភាក្សាលើប្រធានបទ និងធ្វើការស្នើសុំយ៉ាងពិតប្រាកដ។ របាយការណ៍វាយតម្លៃឯករាជ្យ ដែលសង្កត់ធ្ងន់លើសមិទ្ធិផល នៃកិច្ចខិតខំប្រឹងប្រែងនេះ អាចទាញយកបាននៅទីនេះ

 

ជំហានសំខាន់មួយទៀត ដែលយើងជ្រើសយកមកដើរ ក្នុងទិសដៅតែមួយ ត្រូវបានផ្តល់ហិរញ្ញប្បទាន ដោយសហគមន៍អឺរ៉ុប ក្រោមឈ្មោះថា “ការលើកកម្ពស់អភិបាលកិច្ចល្អ តាមរយៈការបង្កើនលទ្ធភាពទទួលបានព័ត៌មាន និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ” (ឆ្នាំ ២០១៥-២០១៨)។ រួមគ្នាជាមួយ DCA និងសហការីរបស់យើងមកពី CCIM យើងបានផ្តល់ការបណ្តុះបណ្តាល យ៉ាងយកចិត្តទុកដាក់ ដល់អ្នកសារព័ត៌មាន និងអង្គការសហគមន៍ ដើម្បីពង្រឹងវិជ្ជាជីវៈ និងគុណភាព នៃមាតិកាសារព័ត៌មានរបស់ពួកគេ។ ជាមួយគ្នានេះ យើងក៏បានបណ្តុះបណ្តាល តំណាងអាជ្ញាធរមូលដ្ឋាន ដើម្បីកសាងសមត្ថភាពរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងសំណើសុំព័ត៌មានស្របច្បាប់ របស់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ។ ព័ត៌មានលម្អិតបន្ថែមអំពីគម្រោងនេះ អាចអានបាននៅទីនេះ

 

ការផ្តួចផ្តើមមួយចំនួនទៀត ដូចជា “I-SAF” ឬ “ការិយាល័យច្រកចេញចូលតែមួយ” ផ្តោតសំខាន់ជាបឋម លើការចូលរួមប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ប៉ុន្តែក៏មានធាតុយ៉ាងសំខាន់ សម្រាប់ការទទួលបានព័ត៌មានផងដែរ។ ឧទាហរណ៍ យើងបានបញ្ចុះបញ្ចូលអាជ្ញាធរ ឲ្យបង្ហាញថ្លៃឈ្នួល ដែលត្រូវអនុវត្តដោយប្រតិបត្តិករដឹកជញ្ជូនសាធារណៈ នៅតាមឃុំសង្កាត់ និងស្រុកខណ្ឌ ដែលវាជាសមិទ្ធិផលដ៏ធំមួយ ដែលបានបញ្ជាក់ថា នៅក្នុងប្រទេសកម្ពុជា តម្លៃផ្លូវការនៃសេវាកម្មទាំងនេះ ធ្លាប់ស្ថិតជាអាថ៌កំបាំង។ អ្នកអាចស្វែងយល់បន្ថែម អំពីការផ្តួចផ្តើមទាំងនេះ ដែលស្រដៀងគ្នានៅទីនេះ។ នៅឆ្នាំ ២០១៨ សេចក្តីព្រាងចុងក្រោយសម្រាប់ ច្បាប់ក្នុងការទទួលបានព័ត៌មាន ត្រូវបានចេញផ្សាយ។ វានៅតែមិនទាន់ពេញលេញតាមស្តង់ដារអន្តរជាតិ និងការរំពឹងទុករបស់សង្គមស៊ីវិលក្នុងស្រុកនៅឡើយទេ ហេតុដូច្នេះ វាមាន តម្រូវការ សម្រាប់ការកែលម្អបន្ថែមទៀត។ ទោះបីជាយ៉ាងណាក៏ដោយ យ៉ាងហោចណាស់ វាត្រូវបានសន្មតយកដោយរដ្ឋាភិបាល ដែលដូច្នេះ វាគឺជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ សម្រាប់ការងារនាពេលអនាគត។

ស្ថានភាពបច្ចុប្បន្ន

ចាប់តាំងពីឆ្នាំ ២០១៨ អត្ថបទច្បាប់ ត្រូវបានរង់ចាំការពិភាក្សា នៅក្នុងទីស្តីការគណៈរដ្ឋមន្រ្តី ដែលជាជំហានចុងក្រោយ មុនពេលបញ្ជូនទៅរដ្ឋសភា និងព្រឹទ្ធសភាសម្រាប់ការជជែកដេញដោលក្នុងសភា ហើយនៅទីបំផុត នឹងត្រូវបានអនុម័តនោះ។ មានតម្រូវការនៃការផ្លាស់ប្តូរជាច្រើនទៀ ប្រសិនបើយើងចង់បាន ច្បាប់ដែលល្អនោះ ដូច្នេះហើយ API កំពុងតែបន្ត កិច្ចខិតខំប្រឹងប្រែងតស៊ូមតិរបស់ខ្លួនទៅមុខទៀត។ ប៉ុន្តែ បើទោះបីជាដំណើរការដ៏វែងឆ្ងាយនេះ ចុងក្រោយត្រូវបញ្ចប់ក៏ដោយ ក៏នេះមិនមែនជាចុងបញ្ចប់នៃអ្វីៗគ្រប់យ៉ាងនោះទេ។ បទពិសោធន៍របស់យើង ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះបានបង្ហាញថា នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងប្រទេសកំពុងអភិវឌ្ឍដទៃទៀតដែរ ការអនុម័តច្បាប់ គឺជារឿងមួយ ប៉ុន្តែ ការធ្វើឲ្យបទប្បញ្ញត្តិក្លាយជាការពិតនោះ គឺជារឿងមួយផ្សេងទៀត។ ការចូលរួមយ៉ាងទូលំទូលាយ ពីផ្នែកផ្សេងៗនៃសង្គម គឺពិតជាចាំបាច់នៅទីនេះ ពីព្រោះមានតែបែបនេះទេ ដែលថាច្បាប់នាពេលអនាគត អាចត្រូវបានទទួលយក ដែលប្រកបដោយនិរន្តរភាព និងអនុវត្តដោយជោគជ័យ។ ផ្ទុយពីប្រវត្តិរឿងរ៉ាវទាំងនេះ វាច្បាស់ណាស់ថា ការចូលរួមរបស់តួអង្គ ដែលមានសក្តានុពលទាំងអស់ នៅក្នុងការជម្រុញនេះ មិនមែនគ្រាន់តែជាការធ្វើលំហាត់ប្រាណ ដើម្បីទទួលបានការគាំទ្រ ដ៏សំខាន់ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាមូលដ្ឋានគ្រឹះនៃការអនុវត្ត ប្រកបដោយអត្ថន័យនៃបទប្បញ្ញត្តិច្បាប់ នៅក្នុងគ្រប់វិស័យនៃជីវិតសង្គមផងដែរ។

 

ហេតុដូច្នេះហើយ API កំពុងរក្សាសកម្មភាពបញ្ចុះបញ្ចូលរបស់ខ្លួន មួយវិញទៀត ហើយកំពុងតាមដានយ៉ាងដិតដល់ នូវដំណើរការច្បាប់។ នៅទីនេះ វាពិតជាគ្មានតម្លៃសោះ ចំពោះអត្ថបទច្បាប់ផ្សេងទៀត ដូចជាអនុក្រឹត្យរបស់ក្រសួងមហាផ្ទៃ ស្តីពីការសម្ងាត់របស់រដ្ឋ ឬច្បាប់ស្តីពីការឲ្យសញ្ញា និងការការពារសាក្សី បាននឹងកំពុងត្រូវបានព្រាង ហើយអាចមានផលប៉ះពាល់ ដល់បទប្បញ្ញត្តិនៃច្បាប់ក្នុងការទទួលបានព័ត៌មាននាពេលអនាគតផងដែរ។ ប៉ុន្តែ ម៉្យាងវិញទៀត ភាគច្រើនយើងផ្តោតលើការលើកកម្ពស់ វប្បធម៌នៃការទទួលបានព័ត៌មាន នៅថ្នាក់មូលដ្ឋាន។ ដូច្នេះ នៅក្នុងការចូលរួមរបស់យើង ក្នុងការអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសង្គម (ព័ត៌មានលម្អិតនៅទីនេះ) យើងបន្តជម្រុញឲ្យរដ្ឋបាលឃុំសង្កាត់ ស្រុកខណ្ឌ និងខេត្ត ក៏ដូចជាអ្នកផ្តល់សេវាសាធារណៈ ឲ្យចេញផែនការគោលនយោបាយរបស់ពួកគេ ថវិកា ឬទិន្នន័យនៃការអនុវត្តសាធារណៈ។ យើងក៏កំពុងតែតស៊ូមតិដើម្បី ការិយាល័យស៊ើបអង្កេតពីបណ្ដឹង ដែលមានមុខងារដំណើរការ និងអាចប្រើប្រាស់បាន ដែលត្រូវបានបង្កើតឡើងនៅក្នុងមូលដ្ឋាន ដែលជាយន្តការដើម្បីអនុវត្តតម្លាភាព ប្រកបដោយប្រសិទ្ធភាព។ វាជាផ្លូវដ៏វែងឆ្ងាយ និងពិបាកក្នុងការយល់ ប៉ុន្តែយើងជឿជាក់ថា វាគឺជាផ្លូវតែមួយគត់ ដែលយើងត្រូវឆ្ពោះទៅមុខ។