ការបណ្តុះបណ្ដាលមូលដ្ឋាននៅក្នុងខេត្តកំពង់ស្ពឺ

| 8-ខែ​កញ្ញា-2020

នៅថ្ងៃទី៣១ ខែសីហា និងថ្ងៃទី១ ខែកញ្ញា ការផ្តួចផ្តើមការកសាងសមត្ថភាពរបស់យើង ដែលត្រូវបានធ្វើឡើងជាពិសេសដល់សមាជិកក្រុមប្រឹក្សាមូលដ្ឋាន បានបន្តជាមួយនឹងការបណ្តុះបណ្តាលមូលដ្ឋាននៅខេត្តកំពង់ស្ពឺ។ មន្រ្តីឃុំសង្កាត់ ស្រុកក្រុង និងខេត្តជិត ១០០ នាក់ បានចូលរួមជាមួយក្រុមការងារគម្រោងរបស់យើង ក្នុងការធ្វើការវាយតម្លៃដំបូងលើសមត្ថភាពស្ថាប័នរបស់ខ្លួន ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីតួនាទី ក្នុងនាមជាសមាជិកសមាគមក្រុមប្រឹក្សាខេត្ត ក៏ដូចជាការរៀនសូត្រពីរបៀបប្រើវេទិកាតាមអ៊ីនធឺណិត ដែលយើងបានបង្កើតសម្រាប់ពួកគេ។ តាមរយៈការចូលប្រើធនធានដែលងាយស្រួលសម្រាប់អ្នកប្រើប្រាស់ និងមានអន្តរកម្ម ដែលយើងបានដាក់បញ្ចូលគ្នា ក្រុមមន្រ្តីអាចធ្វើឲ្យប្រសើរឡើងទាំងមុខងារធ្វើការ និងជំនាញឌីជីថលរបស់ពួកគេ ដោយគ្រាន់តែចុចពីរបីប៊ូតុង លើកុំព្យូទ័រ ឬទូរស័ព្ទដៃរបស់ខ្លួនតែប៉ុណ្ណោះ។ លើសពីនេះទៀត វេទិកានេះផ្តល់នូវលទ្ធភាពក្នុងការវាយតម្លៃវគ្គបណ្តុះបណ្តាលដោយខ្លួនឯង ការពិនិត្យមើលពីដំណើរការវាយតម្លៃពេលពាក់កណ្តាលត្រីមាស ដែលនឹងត្រូវបញ្ចប់នៅចុងឆ្នាំនេះ។ ក្រុមការងាររបស់យើង ដឹកនាំដោយ​ បណ្ឌិត ព្រុំ វឌ្ឍនា ក៏បានបង្ហាញសមាជិកក្រុមប្រឹក្សាអំពីវិធីបង្កើតក្រុមតេឡេក្រាម ដើម្បីធ្វើឲ្យការប្រាស្រ័យទាក់ទងផ្ទៃក្នុងកាន់តែមានប្រសិទ្ធភាពជាងមុន ហើយស្រុកគោលដៅទាំង ៨ នៅខេត្តកំពង់ស្ពឺត្រូវបានផ្តល់ជូននូវអេក្រង់ឌីជីថល ដើម្បីប្រើប្រាស់សម្រាប់ការប្រជុំ និងបទបង្ហាញតាមអ៊ីនធឺណិតថែមទៀតផង។

width=100opercento

បន្ទាប់ពីការបណ្តុះបណ្តាលមូលដ្ឋាននៅចន្លោះថ្ងៃទី២ និងទី៥ ខែកញ្ញានេះ យើងបានបន្តប្រមូលទិន្នន័យនៅនឹងកន្លែងផ្ទាល់ ទាក់ទិននឹងបញ្ហា និងការទាមទាររបស់ប្រជាជននៅខេត្តកំពង់ស្ពឺ ជាពិសេសពីក្រុមជនងាយរងគ្រោះ ដែលពួកគេកំពុងជួបប្រទះ។ សមាជិកនៃអង្គភាពត្រួតពិនិត្យ​ និងវាយតម្លៃនៃសមាគមក្រុមប្រឹក្សាមូលដ្ឋាន ក៏ដូចជាតំណាងគណៈកម្មការស្ត្រី និងកុមារ បានចូលរួមជាមួយយើងក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ក្នុងគោលបំណងផ្តល់ជូននូវជំនួយខ្នាតតូច ដើម្បីដោះស្រាយបញ្ហាក្នុងមូលដ្ឋាន។ អ្នកអាចស្វែងរកព័ត៌មានលម្អិតបន្ថែមទៀត អំពីគម្រោងដែលផ្តល់ហិរញ្ញប្បទានដោយសហគមន៍អឺរ៉ុប ដែល API កំពុងអនុវត្ត​នេះ ក្នុងភាពជាដៃគូជាមួយ Aide et Action (AeA) និងសមាគមក្រុមប្រឹក្សាខេត្តពោធិ៍សាត់ (AMDCSPUR) នៅលើទំព័រដាច់ដោយឡែកមួយនេះ។