នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២១ លោក ឡាំ សុជាតិ នាយកអង្គការ API បានចូលរួមធ្វើជាវាគ្មិននៅក្នុងការដំណើរការរបាយការណ៍ស្ទង់មតិស្តីពីបញ្ហាប្រឈមរបស់ស្ត្រី និងយុវជននៅក្នុងតួនាទីជាអ្នកដឹកនាំនៅក្នុងប្រទេសកម្ពុជា។ របាយការណ៍នេះត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិ (TI) ហើយវាបានសង្កត់ធ្ងន់លើបញ្ហាធំៗដែលនៅតែមានជាបន្តបន្ទាប់ នៅពេលដែលស្ត្រីកម្ពុជាចង់ចាប់អាជីពលេចធ្លោ ដែលវាជាឧបសគ្គចម្បងមួយ ដោយសារតែការអប់រំពីដំបូងតាំងពីកុមារមក គឺនៅតែបែងចែកតួនាទីទៅតាមយេនឌ័រ។ លោកឡាំ សុជាតិ បានផ្តល់អនុសាសន៍ដល់ក្រសួងមហាផ្ទៃ និងក្រសួងអប់រំ យុវជន និងកីឡាឲ្យពង្រឹងទំនាក់ទំនងរវាងយុវជន សាលា និងអភិបាលកិច្ចមូលដ្ឋាន ជម្រុញឲ្យសិស្សចូលរួមក្នុងការសម្រេចចិត្តជាសាធារណៈ ការរៀបចំផែនការ និងដំណើរការរៀបចំថវិកានៅក្នុងឃុំសង្កាត់របស់ពួកគេ។ តាមរយៈការកសាងសមត្ថភាពតាំងតែពីវ័យក្មេង គេអាចសង្ឃឹមថា វានឹងមានការចូលរួមសាធារណៈ មានលក្ខណៈជាប្រព័ន្ធប្រកបដោយចីរភាព ការបង្កើនការចូលរួមរបស់ក្មេងស្រី និងស្ត្រីនៅក្នុងកិច្ចការសាធារណៈ និងបង្កើនការទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈ។