ឆេងដឹហ្គេមអឹកាដឺមី៖ វគ្គបណ្ដុះបណ្ដាលការតស៊ូមតិជាមួយអង្គការក្ដីករុណា

| 16-ខែ​កញ្ញា-2021

កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២១ ក្រុមការងារគម្រោង Change the Game Academy (CtGA) របស់យើង បានរៀបចំវគ្គបណ្តុះបណ្តាលមួយសម្រាប់អង្គការក្ដីករុណានៅរាជធានីភ្នំពេញ។ នៅក្នុងវគ្គនេះ យើងបានពិភាក្សាអំពីការកៀរគរ និងផែនការតស៊ូមតិរបស់ពួកគេជាចម្បង ដែលផ្តោតលើការស្វែងរកការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីរដ្ឋាភិបាល ក្នុងការកសាងមជ្ឈមណ្ឌលព័ត៌មានសម្រាប់អ្នក ដែលនៅរស់រានមានជីវិតបន្ទាប់ពីរបបខ្មែរក្រហម។ ក្រុមការងាររបស់យើងបានពិនិត្យឡើងវិញលើផែនការ និងបានស្នើឱ្យអង្គការក្ដីករុណាដាក់សំណើទៅទីស្តីការគណៈរដ្ឋមន្រ្តី និងក្រសួងអប់រំ ដើម្បីធានាការគាំទ្រកម្រិតខ្ពស់ចំពោះគំនិតមួយនេះ។ នៅពេលទទួលបានការយល់ព្រមហើយ យើងបានណែនាំពួកគេឱ្យធ្វើការទាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់យកទីតាំងឱ្យបានសមស្របសម្រាប់សាងសង់មជ្ឈមណ្ឌលនោះឡើង។ ជាចុងក្រោយ យើងបានណែនាំក្ដីករុណាឱ្យចងក្រងព័ត៌មានអំពីគម្រោងសាងសង់ ផែនការមេ និងសំណើថវិកា ព្រមទាំងភ្ជាប់នូវព័ត៌មានទាំងនោះទៅនឹងសំណើ ដែលពួកគេមានបំណងដាក់ជូនដល់ម្ចាស់ជំនួយ។ Change the Game Academy គឺជាកម្មវិធីអន្ដរជាតិមួយ ដែលមានគោលបំណងពង្រឹងសមត្ថភាពអង្គការមិនមែនរដ្ឋាភិបាលក្នុងការកៀរគរការគាំទ្រ និងធនធានសម្រាប់គោលដៅ និងទស្សនៈវិស័យនាពេលអនាគត។ នៅក្នុងប្រទេសកម្ពុជា វគ្គបណ្តុះបណ្តាលនៃកម្មវិធីនេះ ត្រូវបានផ្តល់ជូនដោយ API និង CCC ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិ Wilde Ganzen នៃប្រទេសហូឡង់។