ជំនាញទំនាក់ទំនងសម្រាប់ក្រុមស្ត្រីជនជាតិដើមភាគតិច

| 18-ខែ​ឧសភា-2021

នៅពាក់កណ្តាលខែឧសភាឆ្នាំ ២០២១ ក្រុមគម្រោង A4A របស់យើងបានរៀបចំវគ្គបណ្តុះបណ្តាលអនឡាញ ដែលមានការចូលរួមពីស្ត្រីជាង ៩០ នាក់ ដែលតំណាងឲ្យអង្គការសហគមន៍ចំនួន ៣០ មកពីខេត្ដក្រចេះ កំពង់ធំ និងពោធិ៍សាត់។ គោលបំណងនៃវគ្គសិក្សានេះគឺ ដើម្បីពង្រឹងសមត្ថភាពរបស់ស្ត្រីជនជាតិដើមភាគតិច ក្នុងការស្វែងយល់អំពីសិទ្ធិរបស់ខ្លួន និងជួយឲ្យពួកគេចូលរួមក្នុងការតស៊ូមតិជាមួយអាជ្ញាធរ ក៏ដូចជាការលើកកម្ពស់ជំនាញតស៊ូមតិ និងបង្កើនជំនាញទំនាក់ទំនងរបស់អ្នកចូលរួមទាំងអស់ជារួម។ វិធីសាស្រ្តដែលបានជ្រើសឡើងយកមកប្រើក្នុងការបណ្ដុះបណ្ដាលនេះគឺពឹងផ្អែកលើបញ្ហាប្រឈម និងប្រវត្តិសង្ខេបខ្លះៗរបស់អ្នកចូលរួមខ្លួនឯងផ្ទាល់ ហើយក៏មានជាការសួរសំណួរពីអ្នកសម្របសម្រួល និងការពិភាក្សាអំពីមូលដ្ឋានច្បាប់ផងដែរ។ ផ្នែកមួយទៀត ដែលយើងកំពុងយកចិត្តទុកដាក់លើនោះ គឺការប្រើប្រាស់បណ្ដាញសង្គម ដើម្បីចែករំលែកព័ត៌មានស្តីពីអភិបាលកិច្ចល្អ ការគ្រប់គ្រងធនធានធម្មជាតិ ក៏ដូចជាផលប៉ះពាល់ដីសម្បទានសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុជាដើម។ ដូច្នេះ សមាជិកក្រុមងាយរងគ្រោះ ជាពិសេសស្ត្រីជនជាតិដើមភាគតិច និងយុវជន បានរៀនបង្កើតជាប្រកាសលើហ្វេសប៊ុកសម្រាប់បញ្ហារបស់ពួកគេ និងរបៀបប្រើប្រាស់បណ្ដាញសង្គមនេះ ដើម្បីតស៊ូមតិសម្រាប់បុព្វហេតុរបស់ខ្លួន។ ជាលទ្ធផលនៃការបណ្ដុះបណ្ដាលនេះ អង្គការសហគមន៍អាចកំណត់បញ្ហារបស់ពួកគេឲ្យកាន់តែច្បាស់លាស់ បង្កើតផែនការសកម្មភាពតស៊ូមតិ និងត្រៀមខ្លួនស្នើសុំការប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងលើកឡើងពីបញ្ហារបស់ពួកគេបានក្នុងពេលឥឡូវនេះ។ ពួកគេក៏បានរៀនសូត្រពីគ្នាទៅវិញទៅមក ចែករំលែកចំណេះដឹងជាមួយសហគមន៍ដទៃទៀត និងបន្ដការបង្កើនបណ្តាញទំនាក់ទំនងផងដែរ។