កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ក្រុមការងារគម្រោង OW4C របស់យើងនៅខេត្តបន្ទាយមានជ័យ រួមជាមួយរដ្ឋបាលក្រុងសិរីសោភ័ណ បានបង្កើតជាវេទិកាសាធារណៈមួយ នៅក្នុងសង្កាត់ អូរអំបិល។ អភិបាលរងខេត្ត ប្រធានក្រុមប្រឹក្សាមូលដ្ឋាន ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ និងប្រធាននាយកដ្ឋានពន្ធដារ និងរៀបចំដែនដី គឺសុទ្ធតែស្ថិតក្នុងចំណោមអ្នកចូលរួមជាង ៦០ នាក់ ដែលក្នុងនោះមានពាក់កណ្តាលជាស្ត្រី។ បន្ទាប់ពីការថ្លែងសុន្ទរកថាបើកដោយលោក ម៉ាន់ វ៉ាន់ផានិត ប្រធានគ្រប់គ្រងកម្មវិធីជាន់ខ្ពស់របស់យើងរួចមក លោកស្រី ហ៊ាង គឹមស៊ាង អភិបាលរងក្រុងសិរីសោភ័ណបានសម្តែងការជឿជាក់ថា វេទិកាសាធារណៈពិតជាអាចបង្កើនសមត្ថភាព និងគុណភាពនៃសេវាកម្មដែលផ្តល់ជូនដល់ប្រជាពលរដ្ឋ ដោយការិយាល័យសេវាកម្មច្រកចេញចូលតែមួយ (OWSO) ពិតមែន។ លោកស្រី សួន សុភ័ក្ត្រ អនុប្រធានអង្គភាពច្រកចេញចូលតែមួយនៅខេត្តបន្ទាយមានជ័យ និងលោក ចាន់ ភារ៉េត ជាប្រធានការិយាល័យច្រកចេញចូលតែមួយក្នុងក្រុង បានបង្ហាញដោយសង្ខេបនូវតួនាទី និងការទទួលខុសត្រូវ រចនាសម្ព័ន្ធ របៀបរបបធ្វើការ និងផែនការអនាគតនៃស្ថាប័នរបស់ខ្លួននីមួយៗ។ ការធ្វើបទបង្ហាញស្រដៀងគ្នានេះ ក៏ត្រូវបានធ្វើឡើងដោយលោក ចាន់ សារ៉ា និងលោក ឆម វិបុល ដែលជាប្រធានទទួលបន្ទុកការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ខេត្ត និងនៅថ្នាក់ក្រុង រៀងគ្នាផងដែរ។
ក្នុងវគ្គសំណួរចម្លើយជាមួយមន្ត្រីរដ្ឋាភិបាល ប្រជាពលរដ្ឋបានលើកឡើងនូវសំណួរ ដែលភាគច្រើនទាក់ទងនឹងការចុះបញ្ជីដីធ្លី ការផ្ទេរកម្មសិទ្ធិដីធ្លី ការបើកអាជីវកម្មថ្មី និងការបញ្ជាក់ឯកសារនានា។ មន្រ្តីដែលបានចូលរួមក្នុងវេទិកា បានឆ្លើយតបនឹងសំណួរទាំងនោះ ហើយមានការកោតសរសើរចំពោះមតិរបស់ប្រជាពលរដ្ឋផងដែរ។ វេទិកានេះគឺជាផ្នែកមួយនៃគម្រោងរបស់យើង ដែលឧបត្ថម្ភដោយទីភ្នាក់ងារ USAID ផ្ដោតលើការពង្រឹងសេវាកម្មច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ បាត់ដំបង និងកំពង់ឆ្នាំង។