OW4C៖ វេទិកាសាធារណៈនៅក្នុងគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋនាក្រុងសិរីសោភ័ណ

| 20-ខែ​សីហា-2021

នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២១ ក្រុមការងារគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ OW4C របស់យើងនៅខេត្តបន្ទាយមានជ័យបានរៀបចំវេទិកានិម្មិតសាធារណៈមួយ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។ វេទិកានេះប្រព្រឹត្តទៅក្រោមអធិបតីភាពប្រធានក្រុមប្រឹក្សាក្រុង អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង អភិបាលរងក្រុង និងប្រធានការិយាល័យច្រកចេញចូលតែមួយ (OWSO) ។ តំណាងសង្គមស៊ីវិល យុវជន និងប្រជាពលរដ្ឋដទៃទៀត បានចូលរួមក្នុងព្រឹត្តិការណ៍នេះរួមជាមួយក្រុមការងាររួមរបស់យើង (API, NGS និង InSTEDD) ។ លោក ផាន រដ្ឋា ប្រធានផ្នែកត្រួតពិនិត្យ និងវាយតម្លៃជាន់ខ្ពស់នៅក្រុមហ៊ុន Nickol Global Solution កម្ពុជា (NGS) បានបង្ហាញដោយសង្ខេបអំពីគោលបំណងសកម្មភាព និងឧបករណ៍បច្ចេកវិទ្យា ដែលបានបង្កើតឡើងនៅក្នុងក្របខណ្ឌនៃគម្រោងនេះ។ លោកស្រី ហៀង គឹមសៀង អភិបាលរងក្រុងបានសម្តែងការកោតសរសើរចំពោះគម្រោងនេះ និងកិច្ចសហការល្អ។ លោកស្រីក៏បានក្រើនរំឭកដល់អ្នកចូលរួមឱ្យសួរសំណួរបានសកម្ម ទាក់ទងទៅនឹងការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋផងដែរ។ លោក ម៉ាក សុផាត ជាមន្រ្តីគម្រោងនៅ API បានបង្ហាញពីគោលបំណងនៃវេទិកានេះ ស្របពេលដែលលោក ឈុំ វិបុល ប្រធានការិយាល័យប្រជាពលរដ្ឋបានផ្តោតលើតួនាទី និងការទទួលខុសត្រូវរបស់ការិយាល័យគាត់ ព្រមទាំងណែនាំឱ្យអ្នកចូលរួមប្រើលេខទំនាក់ទំនងរបស់ពួកគេសម្រាប់ការត្អូញត្អែរ និងមតិយោបល់នានា។ លោក ចាន់ ភារិទ្ធ ប្រធានការិយាល័យច្រកចេញចូលតែមួយបាននិយាយអំពីតួនាទីមុខងារ និងការទទួលខុសត្រូវរបស់ការិយាល័យគាត់។ ក្នុងវេទិកានេះសំនួរភាគច្រើន ដែលប្រជាពលរដ្ឋបានលើកឡើងមកសួរ មានទាក់ទងទៅនឹងការបញ្ជាក់ឯកសារ (អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សៀវភៅគ្រួសារ) នីតិវិធី ដែលតម្រូវឱ្យបើកអាជីវកម្មថ្មី ឬសាលាឯកជន ក៏ដូចជាបញ្ហាដីធ្លី។ អ្នកចូលរួមភាគច្រើនបានផ្តល់មតិល្អៗដល់វេទិកាសាធារណៈ ដោយចាត់ទុកថាវាជាវេទិកាដ៏ល្អសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ និងតំណាងរដ្ឋាភិបាល ក៏ដូចជាឱកាសស្វែងយល់បន្ថែមអំពីរបៀបដែលស្ថាប័នទាំងនេះដំណើរការផងដែរ។