នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២១ក្រុមគម្រោង OW4C របស់យើងនៅខេត្តបន្ទាយមានជ័យបានបង្កើតវេទិកាសាធារណៈនៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដែលអ្នកចូលរួមប្រមាណ ៧០ នាក់ ដែលភាគច្រើនជាយុវជន និស្សិត អ្នកលក់តាមផ្សារ កសិករ កម្មកររោងចក្រ និងប្រជាជនសាមញ្ញដទៃទៀត។ ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីសំណាក់មន្រ្តីរដ្ឋាភិបាល មកពីពន្ធដារ មន្ទីរគ្រប់គ្រងដែនដី តំណាងរដ្ឋបាល និងសមាជិកក្រុមប្រឹក្សាក្រុង ប្រធានអង្គភាព និងក្រុមការងារការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងប្រធានការិយាល័យប្រជាពលរដ្ឋទៀតផង។ លោក អឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែត បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើវេទិកាសាធារណៈ ដែលជួយពង្រឹងសមត្ថភាពសេវាកម្មច្រកចេញចូលតែមួយ និងការិយាល័យស្រុក។ លោក ឈឿន សូរិយា ប្រធានអង្គភាពច្រកចេញចូលតែមួយបានបង្ហាញពីតួនាទី និងការទទួលខុសត្រូវរបស់អង្គភាពលោក និងប្រធានការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រុង និងខេត្តក៏បានធ្វើបទបង្ហាញស្រដៀងគ្នាផងដែរ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណួរជាង ១០ ដែលភាគច្រើនទាក់ទងនឹងការបញ្ជាក់ឯកសារ ការផ្ទេរកម្មសិទ្ធិដីធ្លី និងពន្ធដី។ សំណួរទាំងអស់ត្រូវបានឆ្លើយដោះស្រាយដោយមន្រ្តីរដ្ឋាភិបាល។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃគម្រោងរបស់យើង ដែលឧបត្ថម្ភដោយទីភ្នាក់ងារ USAID ផ្តោតលើការពង្រឹងសមត្ថភាពការិយាល័យច្រកចេញចូលតែមួយ។