នៅក្នុងគម្រោងរបស់យើងដែលមានឈ្មោះថា សំឡេងប្រជាពលរដ្ឋក្នុងគណនេយ្យភាពសង្គមoandordquo; យើងកំពុងប្រមែប្រមូលប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាក្នុងខណ្ឌសែនសុខមករួមគ្នា ដើម្បីលើកកម្ពស់ការអនុវត្តការអប់រំសាធារណៈ សុខភាព រដ្ឋបាលមូលដ្ឋាន និងការគាំពារសង្គម។ កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានធ្វើឡើងជាផ្នែកមួយនៃការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (I-SAF) ជាដំណើរការកំណែទម្រង់មួយ ដែលមានគោលបំណងចូលរួមជាមួយប្រជាពលរដ្ឋក្នុងការត្រួតពិនិត្យការផ្តល់សេវា និងរដ្ឋបាលសាធារណៈ។ នៅថ្ងៃទី ២៧ ខែតុលា ក្រុមការងារគម្រោងរបស់យើង និងអ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ (CAF) នៅខណ្ឌសែនសុខបានជួបតំណាងសង្កាត់ និងខណ្ឌ ព្រមទាំងតំណាងមណ្ឌលសុខភាព និងសាលាបឋមសិក្សាក្នុងការការត្រួតពិនិត្យ JAAP លើកទី ២ ។ ផែនការសកម្មភាពរួមគណនេយ្យភាព (JAAP) គឺជាផែនការ ដែលមានការព្រមព្រៀងដោយអាជ្ញាធរ និងប្រជាពលរដ្ឋដែលរស់នៅតំបន់នោះក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីពិនិត្យតាមដានវឌ្ឍនភាពនៃសកម្មភាពដែលបានអនុវត្តនៅក្នុងមូលដ្ឋានរបស់ពួកគេ។
សកម្មភាពភាគច្រើននៅក្នុងផែនការទាំងនេះ ត្រូវបានអនុវត្តនៅថ្នាក់ខណ្ឌ និងនៅក្នុងសង្កាត់ទាំងបី (ទឹកថ្លា គោកឃ្លាំង និងឃ្មួញ) ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាខ្លះនៅតែកើតមាននៅក្នុងការកសាងសាលារៀនឡើងវិញ និងការស្ថាបនាផ្លូវថ្នល់ ដែលជាគម្រោងខ្នាតធំរបស់ផ្នែករដ្ឋបាល។ រហូតមកដល់ពេលនេះ កិច្ចសហការរវាងអាជ្ញាធរមូលដ្ឋានជាមួយប្រជាពលរដ្ឋ និង API មានសភាពល្អ ហើយមតិយោបល់របស់ផ្នែកតម្រូវការភាគច្រើន គឺត្រូវបានយកទៅអនុវត្ត។ ក្នុងនាមជាអង្គការអនុវត្ត I-SAF នោះ API ផ្តោតសំខាន់ជាពិសេសលើបរិយាប័ន្នក្រុមជនងាយរងគ្រោះដូចជា ពលរដ្ឋដែលមានប្រាក់ចំណូលទាប ជនមានពិការភាព កុមារនៅក្រៅសាលារៀន និងយុវជន។ ពួកយើងយល់ថាវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ក្រុមពលរដ្ឋទាំងនេះក្នុងការលើកឡើងពីសំឡេងរបស់ពួកគេនៅក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្តជាសាធារណៈ និងក្នុងការធ្វើផែនការក្នុងមូលដ្ឋាន។