នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ API បានចែកអង្ករ ៥០ គីឡូក្រាមក្នុងមួយគ្រួសារ ដល់គ្រួសារក្រីក្រ ចំនួន ៥៣ រស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សកម្មភាពនេះត្រូវបានធ្វើឡើង បន្ទាប់ពីគ្រួសារ ២៤៦ ទៀតបានទទួលអំណោយដូចគ្នានេះដែរ នៅថ្ងៃទី១៩-២០ ខែឧសភា ឆ្នាំ២០២១ ហើយសកម្មភាពស្រដៀងគ្នានេះទៀត នៅថ្ងៃទី ៤ ខែមិថុនា ដែលក្នុងនោះមានជនចាស់ជរា ជនមានពិការភាព និងមនុស្សដែលមានប្រាក់ចំណូលទាបប្រហែល ២០០ គ្រួសារ ដែលរស់នៅសង្កាត់ទឹកថ្លា គោកឃ្លាំង និងឃ្មូញ ក៏ទទួលបានអំណោយពីការផ្តួចផ្តើមនេះដូចគ្នា។ API ក៏បានទទួលជំនួយសង្រ្គោះបន្ទាន់បន្ថែម ពីរដ្ឋាភិបាលដាណឺម៉ាក តាមរយៈអង្គការជំនួយរបស់ព្រះវិហារដាណឺម៉ាក (DCA) ដើម្បីជួយដល់រាជរដ្ឋាភិបាល និងប្រជាជនក្នុងការបំពេញការងារមនុស្សធម៌។ ដោយសហការជាមួយ DCA ថ្មីៗនេះ យើងបានធ្វើការសម្ភាសន៍តាមទូរសព្ទ ដើម្បីស្វែងយល់ពីផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅលើសហគមន៍។ លទ្ធផលនៃការស្ទង់មតិបង្ហាញថា គ្រួសារក្រីក្រ និងក្រុមជនងាយរងគ្រោះភាគច្រើនបានបាត់បង់ប្រាក់ចំណូលរបស់ខ្លួន ហើយបានជួបប្រទះនូវការខ្វះខាតយ៉ាងធ្ងន់ធ្ងរ នៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ដោយសារវិធានការបិទខ្ទប់ត្រូវបានអនុវត្តនៅក្នុងរាជធានីភ្នំពេញ។ យើងមានសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលរដ្ឋបាលរាជធានី ខណ្ឌ និងសង្កាត់ ព្រមទាំងសប្បុរសជននានាបានឆ្លើយតបភ្លាមៗ ដោយផ្ដល់ជាគ្រឿងបរិភោគ និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រជាពលរដ្ឋ។