OW4C: វេទិកាសាធារណៈក្នុងសង្កាត់ភ្នៀត

| 13-ខែ​តុលា-2021

នៅថ្ងៃទី ១៣ តុលា ឆ្នាំ ២០២១ ក្រុមការងារគម្រោងច្រកចេញចូលតែមួយសម្រាប់ប្រជាពលរដ្ឋ (OW4C) របស់យើងបានរៀបចំវេទិកាសាធារណៈពីចម្ងាយ ជាមួយប្រជាពលរដ្ឋនៅក្នុងសង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ វេទិកានេះមានការចូលរួមពីសំណាក់ប្រធានអង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋខេត្ត អភិបាលរងខេត្ត ប្រធានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យរៀបចំដែនដីក្រុង តំណាងអង្គការមិនមែនរដ្ឋាភិបាល ព្រះសង្ឃ និងយុវជន។ គោលបំណងចម្បងនៃសកម្មភាពនេះ គឺដើម្បីបង្ហាញប្រជាពលរដ្ឋឲ្យស្គាល់ពីតួនាទី និងការទទួលខុសត្រូវរបស់ការិយាល័យរដ្ឋបាលនេះ ក៏ដូចជាការបង្កើតនូវកន្លែងសម្រាប់សាធារណជនទូទៅ ក្នុងការធ្វើការសន្ទនាដោយបើកចំហ ជាមួយតំណាងរដ្ឋាភិបាលក្នុងគោលបំណងកែលម្អសេវាសាធារណៈ។ ក្នុងវេទិកានេះ ប្រជាពលរដ្ឋមានសំណួរជាច្រើន ដែលភាគច្រើនទាក់ទងនឹងការផ្ទេរសិទ្ធិកាន់កាប់ដីធ្លី នីតិវិធីនៃការបើកអាជីវកម្មថ្មី និងការចុះបញ្ជីម៉ូតូ រថយន្ត។ គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃគម្រោងផ្តល់មូលនិធិដោយទីភ្នាក់ងារ USAID របស់យើង ដែលផ្ដោតលើការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅក្នុងខេត្តចំនួន ៣ ។