ការលើកកម្ពស់អភិបាលកិច្ចប្រជាធិបតេយ្យមូលដ្ឋាននៅប្រទេសកម្ពុជា (២០១៨-២០២០)
គម្រោងនេះត្រូវបានធ្វើឡើងដើម្បីពង្រឹងអភិបាលកិច្ចមូលដ្ឋាន និងគណនេយ្យភាពសង្គម ក្នុងឃុំចំនួន ៤ ក្នុងខេត្តកំពង់ធំ និងខេត្តបន្ទាយមានជ័យ។ ជំនួយបានមកពីអង្គការ UNDEF ជាមួយនឹងទឹកប្រាក់ ១៥០,០០០ ដុល្លារអាមេរិក។ ដើម្បីទទួលបានសមិទ្ធផលពីគោលបំណងរបស់យើង យើងផ្តោតទៅលើការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការត្រួតពិនិត្យការផ្តល់ជូនសេវាកម្មដោយអាជ្ញាធរមូលដ្ឋាន ហើយយើងផ្តល់ពិន្ទុប្រៀបធៀបដោយធ្វើការស្ទង់មតិចំនួនពីរ លើប័ណ្ណដាក់ពិន្ទុរបស់ប្រជាពលរដ្ឋ។ ការស្ទង់មតិទីមួយសម្រាប់ប្រើជាមូលដ្ឋានគ្រឹះដែលបញ្ជាក់ពីតម្រូវការរបស់ប្រជាពលរដ្ឋ និងការទាមទារ ហើយការស្ទង់មតិចុងក្រោយ នឹងវាយតម្លៃលើលទ្ធផល ដែលទទួលបាន។ ព័ត៌មានបន្ថែមពីប័ណ្ណដាក់ពិន្ទុ អាចអានបាននៅទីនេះ។ API បានធ្វើការជាមួយដៃគូចំនួនបី គឺ អង្គការកម្ពុជាដើម្បីទ្រទ្រង់ស្ត្រីខ្មែរ ហៅកាត់ថា COWS ក្នុងខេត្តកំពង់ធំ អង្គការក្រុមទ្រទ្រង់ភូមិ ហៅកាត់ថា VSG ក្នុងខេត្តបន្ទាយមានជ័យ និង អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ហៅកាត់ថា CPDD បានផ្សព្វផ្សាយនូវលទ្ធផលនៅក្នុងរបាយការណ៍មួយ និងក្នុងសន្និសិទថ្នាក់ជាតិមួយ ស្ដីអំពីគណនេយ្យភាពសង្គមក្នុង ខែកុម្ភៈ ឆ្នាំ២០២០។