ព្រឹត្តិការណ៍សម្ពោធយុទ្ឋសាស្រ្តនិងគម្រោង API ឆ្នាំ២០២៦

| 9-ខែ​មេសា-2026

 

វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) បានរៀបចំនូវ ព្រឹត្តិការណ៍សម្ពោធយុទ្ធសាស្រ្ត និងគម្រោង API ឆ្នាំ២០២៦ លើប្រធានបទការតភ្ជាប់ភាពជាដៃគូ និងនវានុវត្តន៍ ដើម្បីការអភិវឌ្ឍក្នុងមូលដ្ឋាន ដោយជោគជ័យនៅរសៀលថ្ងៃទី30 ខែមីនា ឆ្នាំ2026 នៅសណ្ឋាគារ Novotel ដោយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗប្រមាណ 100 នាក់។
ព្រឹត្តិការណ៍នេះទទួលបានវត្តមានមកពីតំណាងស្ថានទូត ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន និងសមាគមធុរកិច្ច បណ្តាញ និងអតីតសិក្ខាកាម Change the Game Academy ព្រមទាំងថ្នាក់ដឹកនាំសាកលវិទ្យាល័យជាច្រើន។ ព្រឹត្តិការណ៍នេះជាវេទិកាសម្រាប់ការតភ្ជាប់ ការផ្លាស់ប្តូរយោបល់ និងការកសាងភាពជាដៃគូ និង អភិវឌ្ឍន៍លើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា។
កម្មវិធីត្រូវបានបើកមតិស្វាគមន៍ដោយ លោក សឿង ច័ន្ទតារា ប្រធានក្រុមប្រឹក្សាភិបាលនៃ API បន្ទាប់មកមានការចែករំលែកចំណុចសំខាន់ៗនៃកម្មវិធីដោយ លោក ស៊ូ សុខគង់ ប្រធានកម្មវិធីនៃអង្គការ WaterAid Cambodia ព្រមទាំងការបង្ហាញអំពីគម្រោង IMPACT ដោយ លោក សាន មុស ប្រធានកម្មវិធីនៃអង្គការ Mission Alliance។

 

ព្រឹត្តិការណ៍នេះគឺជាចំណុចសំខាន់មួយនៅក្នុងដំណើរអភិវឌ្ឍស្ថាប័នរបស់ API តាមរយៈការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ ផែនការយុទ្ធសាស្ត្រ API 2025–2028 ដែលបង្ហាញពីទិសដៅថ្មីរបស់ API សម្រាប់រយៈពេលអនុវត្ត 2026–2028 និងឆ្លុះបញ្ចាំងពីដំណើរការកែសម្រួលដែលមានការចូលរួមពីបុគ្គលិក ដៃគូ តំណាងរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនៅមូលដ្ឋាន។ API ក៏បានសម្ពោធ API Development Consulting ជាផ្លូវការផងដែរ ដែលគម្រោងនេះជាសហគ្រាសសង្គម សម្រាប់ផ្តល់សេវាប្រឹក្សា ការបណ្តុះបណ្តាល និងការគាំទ្រវិជ្ជាជីវៈផ្សេងៗ។

 

លើសពីនេះ ព្រឹត្តិការណ៍នេះបានដើរតួនាទីជាវេទិកាយុទ្ធសាស្ត្រសម្រាប់ API ក្នុងការបង្ហាញគម្រោង សេវាកម្ម និងនវានុវត្តន៍ឌីជីថលជាច្រើន ដែលបើកជាឱកាសសម្រាប់កិច្ចសហការ។ ដែលរួមមាន Change the Game Academy, Pidor Facebook Chatbot, GenSEA Climate Academy, Citizen Budget App, Online M&E System និង រកស៊ីឆាតបុតរួមជាមួយគំនិតផ្តួចផ្តើមដែលទទួលបានការគាំទ្រពីដៃគូក្នុងវិស័យទឹកស្អាត និងអនាម័យ(WASH) ការចូលរួមរបស់ប្រជាពលរដ្ឋ ការប្រែប្រួលអាកាសធាតុ ការតាមដាន និងវាយតម្លៃ និងការគាំទ្រអាជីវកម្មក្រៅប្រព័ន្ធ។ ការបង្ហាញទាំងនេះបានបង្ហាញពីវិធីសាស្ត្រផ្សេងៗដែលភាគីពាក់ព័ន្ធអាចធ្វើការជាមួយ API តាមរយៈការអនុវត្តកម្មវិធីរួម កិច្ចសហប្រតិបត្តិការបច្ចេកទេស ការស្រាវជ្រាវ ការបណ្តុះបណ្តាល នវានុវត្តន៍ ការប្រើប្រាស់សេវាកម្ម និងភាពជាដៃគូអាជីវកម្ម។

 

ព្រឹត្តិការណ៍នេះបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់ API ក្នុងការធ្វើការជាមួយដៃគូ ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងបង្កើតដំណោះស្រាយជាក់ស្តែងឆ្លើយតបទៅនឹងតម្រូវការដែលកំពុងវិវដ្តរបស់កម្ពុជា។ វាក៏បានបង្កើតឱកាសសម្រាប់កិច្ចសន្ទនាថ្មីៗ និងកិច្ចសហការនាពេលអនាគតក្នុងចំណោមភាគីពាក់ព័ន្ធពីវិស័យអភិវឌ្ឍន៍ វិស័យអប់រំ អង្គការសង្គមស៊ីវិល និងវិស័យឯកជនផងដែរ។

 

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និង API Development Consulting ដោយមានការគាំទ្រពី សហភាពអឺរ៉ុប, #Oxfam, #Sida, #WaterAid, #MissionAlliance, Wilde Ganzen និង Change the Game Academy។ ខណៈដែល #API បន្តឆ្ពោះទៅមុខតាមទិសដៅយុទ្ធសាស្ត្រថ្មីរបស់ខ្លួន អង្គការនេះទន្ទឹងរង់ចាំការពង្រឹងភាពជាដៃគូ និងការពង្រីកកិច្ចសហការ ដើម្បីការអភិវឌ្ឍនៅទូទាំងប្រទេសកម្ពុជា។

 

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោង និងកម្មវិធី
ឧបករណ៍វិភាគថវិកាប្រជាពលរដ្ឋ (Citizen Budget App)

Citizen Budget App គឺជាឧបករណ៍បច្ចេកវិទ្យាដ៏មានសារៈសំខាន់ ដែលជួយជំរុញតម្លាភាព និងគណនេយ្យភាពក្នុងអភិបាលកិច្ចមូលដ្ឋាននៅកម្ពុជា។ កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីជួយប្រជាពលរដ្ឋ យុវជន និងអង្គការសង្គមស៊ីវិល ឱ្យយល់ និងតាមដានថវិកាឃុំ និងស្រុកបានកាន់តែងាយស្រួល។ ដោយអាចប្រើបានទាំងលើគេហទំព័រ និងទូរស័ព្ទដៃ វាផ្តល់ការចូលដំណើរការទិន្នន័យហិរញ្ញវត្ថុ អាទិភាពនៃការចំណាយ និងនិន្នាការផ្សេងៗ ដើម្បីគាំទ្រដល់ការពិភាក្សាដែលមានមូលដ្ឋានលើព័ត៌មាន ការតស៊ូមតិសម្រាប់ការបែងចែកធនធានកាន់តែប្រសើរ និងការពង្រឹងការចូលរួមរបស់សាធារណជនក្នុងការសម្រេចចិត្ត។ តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកថវិកា និងអភិបាលកិច្ចប្រកបដោយបរិយាបន្ន Citizen Budget App គាំទ្រដល់សង្គមមួយដែលបើកចំហ និងមានគណនេយ្យភាពខ្ពស់។ សម្រាប់ព័ត៌មានលម្អិតបន្ថែម និងការចូលមើលផ្ទាំងទិន្នន័យសាធារណៈ សូមចូលទៅកាន់គេហទំព័រឧបករណ៍វិភាគថវិកាប្រជាពលរដ្ឋ

ពិដោរអ្នកភូមិឆ្លាតវៃ (Pidor Chatbot)

Pidor Chatbot គឺជាឧបករណ៍ឌីជីថលសម្រាប់ពលរដ្ឋ ដែលធ្វើឱ្យសេវាសាធារណៈនៅកម្ពុជាកាន់តែងាយស្រួលប្រើប្រាស់ និងមានតម្លាភាព។ វាអាចប្រើបានតាមរយៈ Facebook Messenger និងភ្ជាប់ជាមួយផ្ទាំងគ្រប់គ្រងទិន្នន័យសាធារណៈ វាជួយប្រជាពលរដ្ឋស្វែងរកព័ត៌មានត្រឹមត្រូវអំពីតម្លៃសេវា ឯកសារត្រូវការ និងរយៈពេលដំណើរការ ព្រមទាំងអាចតាមដានសំណើ និងដាក់មតិយោបល់បានផងដែរ។ តាមរយៈការធ្វើឱ្យការប្រើប្រាស់សេវាជាមួយការិយាល័យច្រកចេញចូលតែមួយ (OWSO) កាន់តែងាយស្រួល Pidor Chatbot ជួយសន្សំពេលវេលា កាត់បន្ថយចំណាយ និងលើកកម្ពស់គណនេយ្យភាពរវាងអាជ្ញាធរមូលដ្ឋាន និងសហគមន៍។ សម្រាប់ព័ត៌មានលម្អិតបន្ថែម និងការចូលមើលផ្ទាំងទិន្នន័យ សូមចូលទៅកាន់គេហទំព័រ Pidor Chatbot និងទំព័រ Facebook របស់ ពិដោរអ្នកភូមិឆ្លាតវៃ

រកស៊ីឆាតបុត (Roksi Chatbot)

រកស៊ីឆាតបុតគឺជាឧបករណ៍ឌីជីថលដែលអាចប្រើបានតាម Telegram សម្រាប់ការរៀនតាមប្រព័ន្ធឌីជីថល និងការបង្វឹកអាជីវកម្ម ដែលជួយសហគ្រិនក្រៅប្រព័ន្ធនៅកម្ពុជា ដើម្បីពង្រីកអាជីវកម្ម និងទទួលបានការគាំទ្រផ្នែកគាំពារសង្គម។ តាមរយៈមេរៀនតាមប្រព័ន្ធឌីជីថល ការបង្វឹកផ្ទាល់ និងការភ្ជាប់ទៅនឹងការតស៊ូមតិ រកស៊ីផ្តល់ឱ្យអ្នកប្រើប្រាស់នូវជំនាញជាក់ស្តែង និងភ្ជាប់ពួកគេទៅកាន់ប្រព័ន្ធដែលពង្រីកឱកាសរបស់ពួកគេ។ រកស៊ី បានលើកកម្ពស់បរិយាបន្នសេដ្ឋកិច្ច សមភាពយេនឌ័រ និងជីវភាពរស់នៅប្រកបដោយចីរភាព។ សូមចាប់ផ្តើមរៀនពីអាជីវកម្មជាមួយ រកស៊ីឆាតបុត នៅលើ Telegram និងចូលមើលព័ត៌មានបន្ថែមលើគេហទំព័រ រកស៊ី

កម្មវិធីអប់រំបរិស្ថាន GenSEA Climate Academy

កម្មវិធីអប់រំបរិស្ថាននេះ គឺជាវេទិកាសិក្សាឌីជីថលដែលត្រូវបានបង្កើតឡើងក្រោមគម្រោង A-SASSY ដើម្បីពង្រឹងចំណេះដឹង និងជំនាញរបស់យុវជននៅទូទាំងអាស៊ានពី ការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។ កម្មវិធីនេះផ្តល់ជូនមេរៀនអេឡិចត្រូនិកលើប្រធានបទសំខាន់ៗដូចជា សកម្មភាពយុវជនដើម្បីយុត្តិធម៌អាកាសធាតុ (Y4CJ), ការអភិវឌ្ឍប្រកបដោយនិរន្តរភាព (Y4SD) និងការផ្លាស់ប្តូរឌីជីថលបៃតង (Y4DT)។ វាត្រូវបានរចនាឡើងសម្រាប់សាលារៀន និងសហគមន៍ រួមបញ្ចូលមេរៀនគួរឱ្យចាប់អារម្មណ៍ សំណួរស្ទង់ចំណេះដឹង និងឧបករណ៍តស៊ូមតិ ដើម្បីជំរុញយុវជនឱ្យក្លាយជាអ្នកដឹកនាំការផ្លាស់ប្តូរ ក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក ការពារប្រព័ន្ធអេកូឡូស៊ី និងដឹកនាំសកម្មភាពកាពារការប្រែប្រួលអាកាសធាតុ។ សូមចូលទៅកាន់គេហទំព័ររបស់ GenSEA Climate Academy និងចុះឈ្មោះចូលសិក្សាដោយសេរីពីបរិស្ថាន និងសុវត្ថិភាពឌីជីថល។

API Online M&E System

API M&E App គឺជាឧបករណ៍អនឡាញដ៏មានប្រសិទ្ធភាព ដែលធ្វើឱ្យការតាមដាន និងវាយតម្លៃមានភាពងាយស្រួលសម្រាប់អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នៅកម្ពុជា។ វាផ្តល់ជូនការផ្ទុកទិន្នន័យលើអនឡាញ(cloud) ដែលមានសុវត្ថិភាព ហើយមានផ្ទាំងគ្រប់គ្រងទិន្នន័យតាមពេលវេលាជាក់ស្តែង របាយការណ៍ដែលអាចកែសម្រួលបាន និងឧបករណ៍សហការដើម្បីតាមដានវឌ្ឍនភាពគម្រោង និងធ្វើឱ្យការសម្រេចចិត្តកាន់តែប្រសើរ។ វាត្រូវបានរចនាឡើងសម្រាប់ទាំងគម្រោងតែមួយ និងការប្រើប្រាស់ទូទាំងស្ថាប័ន កម្មវិធីនេះលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការធ្វើផែនការដោយផ្អែកលើទិន្នន័យនៅទូទាំងកម្មវិធីផ្សេងៗ។​ សូមចូលទៅកាន់ប្រព័ន្ធ API online M&E នៅទីនេះ

WaterAid’s CLIMB CSOs Project

គម្រោង Civil society leadership in mobilizing for better WASH (CLIMB) មានគោលបំណងពង្រឹងភាពជាអ្នកដឹកនាំរបស់អង្គការសង្គមស៊ីវិលក្នុងការជំរុញសេវាទឹកស្អាត និង អនាម័យ(WASH) ដែលមានបរិយាបន្ន ឆ្លើយតបនឹងអាកាសធាតុ និងគិតគូរពីយេនឌ័រ នៅក្នុងមណ្ឌលសុខភាពនៅកម្ពុជា។ គម្រោងនេះផ្តោតលើការកសាងសមត្ថភាពតស៊ូមតិ និងឥទ្ធិពលរបស់អង្គការសង្គមស៊ីវិលក្នុងស្រុក ការគាំទ្រការបង្កើតភស្តុតាង និងការចូលរួមរបស់ប្រជាពលរដ្ឋ ព្រមទាំងការលើកកម្ពស់យន្តការគណនេយ្យភាពសង្គមប្រកបដោយប្រសិទ្ធភាព ដូចជាការតាមដានដោយសហគមន៍ និងផែនការសកម្មភាពរួម ដើម្បីលើកកម្ពស់គុណភាពសេវា។ តាមរយៈការភ្ជាប់មតិយោបល់ពីសហគមន៍ជាមួយកិច្ចសន្ទនាដែលមានរចនាសម្ព័ន្ធរវាងអង្គការសង្គមស៊ីវិល មណ្ឌលសុខភាព និងអាជ្ញាធរសុខាភិបាល ថ្នាក់ក្រោមជាតិ CLIMB រួមចំណែកដល់ការពង្រឹងគណនេយ្យភាព ការរៀបចំផែនការ និងការអនុវត្តការកែលម្អសេវាទឹកស្អាត និង អនាម័យកាន់តែប្រសើរ ព្រមទាំងការបង្កើនការប្តេជ្ញាចិត្ត និងការវិនិយោគសម្រាប់ទឹកស្អាត និង អនាម័យ ប្រកបដោយចីរភាពក្នុងមណ្ឌលសុខភាព។  សូមចូលទៅកាន់គេហទំព័ររបស់ WaterAid’s CLIMB CSOs project

Change the Game Academy

Change the Game Academy (CtGA) គឺជាគំនិតផ្តួចផ្តើមសកលមួយ ដែលគាំទ្រអង្គការមូលដ្ឋានឱ្យក្លាយជាស្ថាប័នដែលអាចពឹងផ្អែកលើខ្លួនឯងបានកាន់តែខ្លាំង និងមានឥទ្ធិពលកាន់តែច្រើន តាមរយៈការកៀរគរធនធាន និងការគាំទ្រក្នុងស្រុក។ តាមរយៈការបណ្តុះបណ្តាល ដែលជួយអង្គការសង្គមស៊ីវិល និងអង្គការមូលដ្ឋាន ពង្រឹងសមត្ថភាពក្នុងការកៀរគរធនធាន ចូលរួមជាមួយសហគមន៍ និងធ្វើការតស៊ូមតិឱ្យមានប្រសិទ្ធភាពកាន់តែខ្ពស់នៅក្នុងបរិបទរបស់ខ្លួន។​ សូមចូលទៅកាន់គេហទំព័ររបស់ Change the Game Academy និងចុះឈ្មោះសិក្សាវគ្គសិក្សាដោយឥតគិតថ្លៃ។

ខាងក្រោមនេះជាឯកសារ និងសម្ភារផ្សព្វផ្សាយពាក់ព័ន្ធ៖