អង្គការអុកស្វាម(Oxfam) រួមជាមួយអង្គការដៃគូក្រៅរដ្ឋាភិបាលផ្សេងទៀតរួមមាន វិទ្យាស្ថានគោលនយោបាយ និងតស៊ូមតិ (API) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (CamboJA) អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGO Forum) អង្គការសីលការ (SILAKA) អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន (YRDP) និងដោយមានការសហការជាមួយគណកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) និងសាលាជាតិរដ្ឋបាលមូលដ្ឋាននៃក្រសួងមហាផ្ទៃ (NASLA) បានប្រកាសដំណើរការអនុវត្តគម្រោង «ពង្រឹងភាពជាម្ចាស់របស់ពលរដ្ឋដើម្បីរៀបចំផែនការ និងផ្តល់សេវាសម្រាប់ទាំងអស់គ្នា (CLIPS)» នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦នេះ។
ដោយទទួលបានការគាំទ្រថវិការពីទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការស្វីស គម្រោងដែលមានរយៈពេល២៧ខែនេះ នឹងត្រូវអនុវត្តក្នុងខេត្តចំនួន៦ ស្រុកចំនួន១៤ ឃុំចំនួន៦០ នៅភ្នំពេញ ខេត្តកំពង់ធំ កំពង់ឆ្នាំង ពោធិ៍សាត់ រតនគីរី និងមណ្ឌលគីរី។ តាមផែនការ គម្រោងនេះនឹងផ្តល់ផលដល់ប្រជាពលរដ្ឋចំនួន ៤០ម៉ឺននាក់។ តាមការរំពឹងទុក ប្រជាពលរដ្ឋនឹងទទួលបានចំណេះដឹងផ្នែកថវិកាមូលដ្ឋាន និងការចូលរួមក្នុងការស្រាវជ្រាវ ការតាមដាន និងកិច្ចពិភាក្សា។ គម្រោងនេះក៏នឹងបង្កើនសមត្ថភាពដល់មន្រ្តីរដ្ឋបាលមូលដ្ឋានចំនួន៤៧០នាក់។
ការបណ្តុះបណ្តាលក៏នឹងរួមបញ្ចូលចំណេះដឹងទាក់ទងនឹងឧបករណ៍ឌីជីថល គំនិតផ្តួចផ្តើម ផែនការការងារ និងសកម្មភាពទាក់ទងនឹងកិច្ចសន្ទនាគោលនយោបាយ។